អាមេរិក ជំរុញពលរដ្ឋឱ្យជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសថៃ និងប្រទេសដទៃទៀតដោយសារការឆ្លងជំងឺកូវីដ-១៩
ទេសចរណ៍ August 10, 2021 Khmernote

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានព្រមានកាលពីថ្ងៃច័ន្ទប្រឆាំងនឹងការធ្វើដំណើររបស់ប្រជាជនអាមេរិកទៅកាន់ប្រទេស Israel, France, Thailand, Iceland និងប្រទេសមួយចំនួនទៀត ដោយសារតែមានការកើនឡើងនៃករណីកូវីដ-១៩ នៅក្នុងប្រទេសទាំងនោះ។

មិនតែប៉ុណ្ណោះ (CDC) បានដាក់បន្ថែមកម្រិត “កូវីដ-១៩ ខ្ពស់បំផុតកម្រិត ៤ ” ដែលជាកម្រិតខ្ពស់បំផុត ខណៈករណីឆ្លងរាលដាលពាសពេញពិភពលោក។ ហើយក្នុងកម្រិតនោះ សហរដ្ឋអាមេរិកបានបន្ថែម ប្រទេស Thailand, Israel, the West Bank and Gaza, រួមជាមួយតំបន់ផ្សេងទៀតដូចជា Aruba និង French Polynesia។

(CDC) ក៏បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា៖ « ដោយសារតែស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសថៃ សូម្បីតែអ្នកដំណើរដែលបានទទួលថ្នាំបង្ការពេញលេញក៏អាចប្រឈមនឹងការឆ្លង និងរីករាលដាលនៃកូវីដ-១៩ ដែរ »។ គួរបញ្ជាក់ផងដែរថា នៅការិយាល័យកិច្ចការកុងស៊ុលនៃក្រសួងការបរទេសអាមេរិក ធ្វើបច្ចុប្បន្នភាពព័ត៌មានធ្វើដំណើរជាទៀងទាត់ដល់ពលរដ្ឋអាមេរិក ដែលមានបំណងចេញទៅក្រៅប្រទេសដោយចេញកំរិតប្រឹក្សាយោបល់ពីការធ្វើដំណើរពី ១ ដល់ ៤។

កម្រិតទាំងបួននោះរួមមាន៖ កម្រិត ១ – អនុវត្តការប្រុងប្រយ័ត្នធម្មតា, កម្រិត ២ – បង្កើនការប្រុងប្រយ័ត្នខ្ពស់, កម្រិតទី ៣ – ពិចារណាឡើងវិញនូវការធ្វើដំណើរ, កម្រិត ៤ – កុំធ្វើដំណើរ។ ជាមួយគ្នានេះ ប្រទេសដែលត្រូវបានចាត់ចូលក្នុងកម្រិតទាំងនោះរួមមាន ប្រទេសជាង ៧០ រួមទាំងប្រទេសអាស៊ីអាគ្នេយ៍ចំនួន បីផ្សេងទៀតគឺ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost