សហរដ្ឋអាមេរិកផ្តល់ជំនួយបន្ថែម ៤ លានដុល្លារសម្រាប់ជំនួយបន្ទាន់កូវីដ-១៩ នៅកម្ពុជា
សេដ្ឋកិច្ច August 9, 2021 Khmernote

យោងតាមការចេញផ្សាយរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID សូមប្រកាសការផ្តល់ជំនួយបន្ថែមចំនួន ៤ លានដុល្លារ ជាជំនួយសម្រាប់គ្រាបន្ទាន់ ទាក់ទងនឹងជំងឺកូវីដ ១៩ សម្រាប់ប្រទសកម្ពុជា។

ស្ថានទូតបានបន្តឱ្យដឹងថា ជំនួយនេះនឹងផ្តល់ការគាំទ្រទាន់ពេលវេលា សម្រាប់បង្កើនការត្រៀមខ្លួនជាស្រេចរបស់ប្រទេសកម្ពុជា ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ បង្កើនការចាក់វ៉ាក់សាំងក្នុងចំណោមអ្នកដែលត្រូវចាក់ ផ្តល់អន្តរាគមន៍ផ្នែកសុខាភិបាលសាធារណៈ ដើម្បីគ្រប់គ្រងមេរោគកូវីដ១៩ ហើយពង្រឹងមន្ទីរពិសោធន៍ដើម្បីបង្កើនសមត្ថភាពក្នុងការធ្វើតេស្ត។

សូមជម្រាបផងដែរថា ការគាំទ្រថ្មីនេះកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់អំណោយវ៉ាក់សាំង Johnson & Johnson ក្នុងពេលថ្មីៗនេះ ចំនួន ១ ០៦០ ១០០ ដូស តាមរយៈយន្តការ COVAX ។ ជាមួយគ្នានេះដែរ ចាប់តាំងពីរោគរាតត្បាតលើកដំបូងក្នុងប្រទេសកម្ពុជាមក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយជាថវិកាចំនួន ១៥លានដុល្លាររួចមកហើយ៕

អត្ថបទ៖ លីនី