ប្រជាជនវៀតណាមដែលបាត់បង់ការងារ និងស្ថិតនៅក្នុងតំបន់រឹតត្បិតការធ្វើដំណើរ កំពុងជួយប្រទះការលំបាកកាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារការឡើងថ្លៃនៃទំនិញសំខាន់ៗ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ អ្នកនៅខាងក្នុងឧស្សាហកម្មផ្គត់ផ្គង់ទំនិញបាននិយាយថា ការបិទទីផ្សារលក់ដុំនិងហាងលក់រាយដោយសារជំងឺកូវីដ-១៩ បានជំរុញឱ្យតម្លៃកើនឡើងនៅក្នុងទីក្រុង។
ជាមួយគ្នានេះ ការកើនឡើងនៃតម្លៃសាច់បន្លែ និងគ្រឿងទេសកំពុងបន្ថែមបញ្ហាប្រឈមដល់កម្មករដែលមានប្រាក់ចំណូលទាប។ ជាក់ស្ដែង កម្មករដឹកជញ្ជូនមួយរូបនៅទីក្រុងហាណូយ បានលើកថា គាត់មិនមានលទ្ធភាពទិញសាច់ទេព្រោះថ្លៃពេក ខណៈតម្លៃស៊ុត និងបន្លែភាគច្រើនបានកើនឡើងទ្វេដង។ ការតម្លើងថ្លៃនេះ គឺជាបន្ទុកហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់កម្មករដឹកជញ្ជូនអាយុ ២៣ ឆ្នាំដែលគ្មានការងារធ្វើអស់រយៈពេលពីរសប្តាហ៍ ដោយសារក្រុមហ៊ុនកាត់បន្ថយចំនួនបុគ្គលិកតាមការបញ្ជារបស់អាជ្ញាធរដើម្បីកំណត់ចំនួនមនុស្សដែលធ្វើដំណើរ ហើយប្រាក់ចំណូលតែមួយគត់របស់គាត់គឺការគាំទ្រពីរដ្ឋាភិបាលចំនួន ១.៥ លានដុង (៦៥ ដុល្លារ) ដែលនឹងអស់ក្នុងពេលឆាប់ៗនេះ។
ទន្ទឹមនឹងនេះ កម្មករ បុគ្គលិក ដែលបាត់បង់ការងារជាច្រើននាក់ទៀត បានរៀបរាប់ថា ការឡើងថ្លៃម្ហូបអាហារកំពុងបង្កើតបញ្ហាប្រឈមបន្ថែមទៀតសម្រាប់គ្រួសារ ហើយការតម្លើងថ្លៃនេះបានធ្វើឱ្យប៉ះពាល់ដល់កម្មករស្ទើរតែទាំងអស់។ យ៉ាងណាមិញ ដើម្បីធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ និងរក្សាតម្លៃមិនឱ្យឡើងថ្លៃ មន្ទីរពាណិជ្ជកម្មទីក្រុងគ្រោងហីជីមិញ នឹងប្រើស្ថានីយ៍ឡានក្រុង ពហុកីឡដ្ឋាននិងដីឡូតិ៍ដែលទំនេរ ធ្វើជាមណ្ឌលសម្រាប់លក់ម្ហូបអាហារជំនួសឱ្យការបិទទីផ្សារលក់ដុំ ហើយទីក្រុងនេះក៏បានបង្កើតគេហទំព័រលក់ទំនិញចល័តជាច្រើន ដើម្បីកាត់បន្ថយហ្វូងមនុស្សនៅតាមទីផ្សារ និងរក្សាស្ថិរភាពតម្លៃផងដែរ៕




អត្ថបទ៖ លីនី
ប្រភព៖ vnexpress


