ប្រទេសចិន ប្ដេជ្ញាផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២ពាន់លានដូសដល់ប្រទេសនានា និងបរិច្ចាគទឹកប្រាក់ ១០០ លានដុល្លារបន្ថែមទៀតដល់ COVAX
សេដ្ឋកិច្ច August 6, 2021 Khmernote

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឱ្យដឹងថា ប្រទេសចិននឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២ ពាន់លានដូសដល់ប្រទេសនានានៅចុងឆ្នាំនេះ។ ក្រសួងការបរទេសចិនបាននិយាយថា លោក ស៊ី បានធ្វើសេចក្តីប្រកាសអំពីការផ្ដល់វ៉ាក់សាំងនេះនៅថ្ងៃព្រហស្បតិ៍ នៅក្នុងសារជាលាយលក្ខណ៍អក្សរទៅកាន់វេទិកាអន្តរជាតិស្តីពីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលរៀបចំដោយទីក្រុងប៉េកាំង។

នៅក្នុងសេចក្តីថ្លែងការណ៍លោក ស៊ី បាននិយាយថាប្រទេសចិនបានផ្តល់វ៉ាក់សាំងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនរួចមកហើយ ហើយនឹងបន្តខិតខំប្រឹងប្រែងផ្ដល់វ៉ាក់សាំងបន្ថែមទៀត ដើម្បីគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតរបស់ប្រទេសទាំងនោះ។

ជាមួយគ្នានោះដែរ លោកក៏បានសន្យាបរិច្ចាគទឹកប្រាក់ ១០០ លានដុល្លារ បន្ថែមទៀតដល់អង្គការ COVAX ដែលជាក្របខ័ណ្ឌអន្តរជាតិសម្រាប់ការចែកចាយវ៉ាក់សាំងដោយយុត្តិធម៌។ គួរបញ្ជាក់ថា ប្រទេសចិនបានលើកឡើងថា ខ្លួនបានផ្គត់ផ្គង់វ៉ាក់សាំងជាង ៧០០ លានដូស ដែលភាគច្រើនគឺផ្គត់ផ្គង់ជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយខ្លួនក៏បានគាំទ្រដល់ប្រទេសជាង ១០០ នៅទូទាំងពិភពលោកផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk