វៀតណាម ដែលទើបក្លាយជាប្រទេសនាំចេញសម្លៀកបំពាក់ធំជាងគេទី២ របស់ពិភពលោក កំពុងប្រឈមនឹងហានិភ័យនៃការបាត់បង់ការបញ្ជាទិញពីដៃគូអន្តរជាតិ
សេដ្ឋកិច្ច August 6, 2021 Khmernote

ប្រទេសវៀតណាម ដែលជាប្រទេសនាំចេញសម្លៀកបំពាក់ធំជាងគេទី២ របស់ពិភពលោកថ្មីៗនេះ កំពុងប្រឈមនឹងហានិភ័យនៃការបាត់បង់ការបញ្ជាទិញ ក្នុងចំណោមដៃគូប្រកួតប្រជែង ចំពេលស្ថានភាពកូវីដ-១៩ ក្នុងប្រទេសកាន់តែស្មុគស្មាញនៅខែសីហានេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ជាង ៨០% នៃសហគ្រាសកាត់ដេរនិងវាយនភ័ណ្ឌ នៅតំបន់ភាគខាងត្បូងត្រូវកាត់បន្ថយផលិតភាពការងារ ឬផ្អាកប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

ក្រុមហ៊ុន Gia Dinh Group JSC នៅខេត្ត Binh Duong ភាគខាងត្បូងបានធានាការបញ្ជាទិញរហូតដល់ចុងខែធ្នូ ប៉ុន្តែក្រុមហ៊ុននេះ កំពុងតែប្រឈមនឹងតម្លៃវត្ថុធាតុដើមខ្ពស់បូករួមនឹងការដឹកជញ្ជូនយឺតហើយថ្លៃដើមដឹកជញ្ជូនខ្ពស់។ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបាននិយាយថា ប្រសិនបើជំងឺរាតត្បាតអូសបន្លាយពេល ក្រុមហ៊ុននឹងមិនបំពេញតាមការបញ្ជាទិញរបស់ខ្លួនឡើយ។

លោក Vu Duc Giang ប្រធានសមាគមវាយនភ័ណ្ឌនិងសំលៀកបំពាក់វៀតណាម (VITAS) បាននិយាយថា ការផលិតនៅខែសីហាគឺពិបាកខ្លាំង ជាពិសេសសម្រាប់ក្រុមហ៊ុននៅក្នុងស្រុកភាគខាងត្បូង ដែលត្រូវបានដាក់វិធានការឃ្លាតឆ្ងាយពីសង្គម ហើយរហូតដល់ ៩០% នៃសង្វាក់ផលិតកម្មនៅភាគខាងត្បូងត្រូវបានខូចខាត។ លោកបានបន្តថា ប្រសិនបើទីផ្សារវៀតណាមមិនមានស្ថិរភាព ដៃគូនឹងផ្លាស់ប្តូរការបញ្ជាទិញ (ទៅប្រទេសផ្សេងទៀត) ។

ជាមួយគ្នានេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មក៏បានបញ្ជាក់ផងដែរថា សហគ្រាសកាត់ដេរនិងវាយនភ័ណ្ឌនៅវៀតណាមកំពុងប្រឈមនឹងហានិភ័យរបស់អតិថិជនអន្តរជាតិ ដែលពន្យាពេលឬលុបចោលការបញ្ជាទិញ ហើយពួកគេនឹងផ្លាស់ប្ដូរទៅប្រទេសផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា យោងតាមការិយាល័យស្ថិតិទូទៅ វៀតណាមបាននាំចេញផលិតផលវាយនភ័ណ្ឌនិងសម្លៀកបំពាក់ចំនួន ១៨.៦ ពាន់លានដុល្លារក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះកើនឡើង ១៤.១% ពីមួយឆ្នាំទៅមួយឆ្នាំ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress