យោងតាមការចេញផ្សាយរបស់ផេក បេឡាជាតិសន្តិសុខសង្គម កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ បានឱ្យដឹងថា កម្មករនិយោជិតនៃវិស័យឯកជនដែលជាសមាជិក ប.ស.ស. នឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) នៅពេលចូលនិវត្តន៍ដូចទៅនឹងមន្រ្តីរាជការដែរ។
ឯកឧត្តម ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ បានឱ្យដឹងថា សមាជិក ប.ស.ស. ដែលជាកម្មករនិយោជិតនៃវិស័យឯកជនទាំងអស់ នឹងទទួលបានប្រាក់សោធន នៅពេលចូលនិវត្តន៍ដូចទៅនឹងមន្រ្តីរាជការដែរ ពេលដែល ប.ស.ស. ដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននាពេលឆាប់ៗដ៏ខ្លីខាងមុខ។
ឯកឧត្តម ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គម ដែលក្នុងនោះរួមមាន៖ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលមានវិសាលភាពគ្របដណ្តប់លើវិស័យឯកជន និងវិស័យសាធារណៈ រួមទាំងអតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ដូចមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលជាពិសេសសម្រាប់ សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូន ទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ក៏បាននឹងកំពុងទទួលបានគោលរបបប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ឯកឧត្តមបន្ថែមទៀតថា នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដែលសម្តេចតែងតែគិតគូរខ្ពស់បំផុតអំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត៕


អត្ថបទ៖ លីនី


