នាយករដ្ឋមន្រ្តីថៃ ដកលុយហោប៉ាវផ្ទាល់ខ្លួន ទិញផ្លែឈើ ១ តោនពីកសិករចែកដល់បុគ្គលិកពេទ្យ និងអ្នកស្ម័គ្រចិត្តថែទាំអ្នកជំងឺកូវីដ-១៩
សេដ្ឋកិច្ច August 4, 2021 Khmernote

សារព័ត៌មាន The Nation កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានចុះផ្សាយថា លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុធ ចានអូចា បានដកលុយពីហោប៉ាវផ្ទាល់ខ្លួន ដើម្បីទិញផ្លែឈើថៃ ១ តោនពីសហករណ៍កសិកម្ម ដើម្បីជាអំណោយដល់បុគ្គលិកពេទ្យនិងអ្នកស្ម័គ្រចិត្តថែទាំអ្នកជំងឺកូវីដ-១៩ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Ratchada Thanadirek។

អ្នកនាំពាក្យរដ្ឋាភិបាលបានឱ្យដឹងទៀតថា លោកនាយករដ្ឋមន្រ្តីបានទិញផ្លែមង្ឃុត សាម៉ាវ និងផ្លែមៀន ដែលបានដាក់លក់ក្រោមយុទ្ធនាការ “កសិកររីករាយ” ដែលផ្លែឈើពីសហករណ៍ទូទាំងប្រទេសអាចត្រូវបានដឹកជញ្ជូនដល់គេហដ្ឋានតាមរយៈសេវាកម្មប្រៃសណីយ៍ថៃ។
យុទ្ធនាការ “កសិកររីករាយ” គឺជាកិច្ចសហការរវាងធនាគារកសិកម្មនិងសហករណ៍កសិកម្ម (BAAC) និងប្រៃសណីយ៍ថៃ។

ទន្ទឹមនឹងនោះ អ្នកនាំពាក្យបានបន្ថែមថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីម្សិលមិញនេះ នាយករដ្ឋមន្ត្រីប្រាយុទ្ធបានកោតសរសើរយុទ្ធនាការនេះថា ជាវិធីច្នៃប្រឌិតថ្មីមួយក្នុងការជួយកសិករដាំផ្លែឈើដែលកំពុងរងគ្រោះដោយសារការធ្លាក់ចុះតម្លៃ និងការផ្គត់ផ្គង់លើសតម្រូវការ ខណៈដែលអនុញ្ញាតឱ្យប្រជាជនទិញផ្លែឈើដោយមិនបង្កើនហានិភ័យពីជំងឺកូវីដ-១៩ តាមរយៈការទៅផ្សារ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand