ឱកាសមាសឱកាសប្រាក់! ក្រុមហ៊ុនអូស្រ្តាលីមួយ មានបំណងនាំយកកសិករកម្ពុជាដែលមានសមត្ថភាពទៅបម្រើការនៅកសិដ្ឋានក្នុងប្រទេសអូស្រ្តាលី
សេដ្ឋកិច្ច August 3, 2021 Khmernote

ក្រុមហ៊ុន Lexmin Pty Ltd Cambodia ដែលជាក្រុមហ៊ុនអូស្រ្តាលីអភិវឌ្ឍកសិដ្ឋានកសិកម្មសរីរាង្គនៅកម្ពុជា បង្ហាញពីគោលបំណងផ្តល់ឱកាសឲ្យកសិករកម្ពុជាអាចទៅបម្រើការក្នុងកសិដ្ឋានចិញ្ចឹមសត្វ បន្លែ និងផ្លែឈើនៅប្រទេសអូស្រ្តាលី។ គោលបំណងនេះត្រូវបានលើកឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សា រវាងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Robert K.Chelliah នាយកប្រតិបត្តិក្រុមហ៊ុន Lexmin Pty Ltd Cambodia លើប្រធានបទស្តីពី ” ការជំរុញការអភិវឌ្ឍផលិតកម្មដំណាំសាកវប្បកម្មសរីរាង្គ និងការផ្តល់ឱកាសឲ្យកសិករអាចទៅបម្រើការក្នុងកសិដ្ឋានចិញ្ចឹមសត្វ បន្លែ និងផ្លែឈើនៅប្រទេសអូស្រ្តាលី ” នាព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ នេះ។

តាមរយៈជំនួបនេះបានឱ្យដឹងថា លោក Robert K.Chelliah មានបំណងនាំយកកសិករកម្ពុជាដែលមានសមត្ថភាព (កាយសម្បទា និងបទពិសោធន៍កសិកម្ម) ទៅបម្រើការនៅក្នុងកសិដ្ឋាននៅប្រទេសអូស្រ្តាលីនៅពេលអនាគត ដើម្បីពង្រីកសមត្ថភាពរបស់ពួកគេលើបច្ចេកទេសកសិកម្មទំនើបទាន់សម័យ បន្ទាប់មកនាំយកត្រឡប់មកវិញនូវរាល់ចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃមកអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ និងចូលរួមអបអរចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន និងជាពិសេសគាំទ្រចំពោះបំណងរបស់លោក Robert K.Chelliah ហើយក្នុងករណីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកសំណើឲ្យក្រុមហ៊ុនពិនិត្យ ពិចារណាចំពោះនិស្សិតកសិកម្មកម្ពុជា ដូចដែលកម្ពុជាបាននិងកំពុងអនុវត្តជាមួយប្រទេសអ៊ីស្រាអែលផងដែរ។

ចំពោះមុខ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម រៀបចំសេចក្តីព្រាងអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការនៃការបណ្តុះបណ្តាលធនធានមនុស្សដោយចែកចេញជាពីរដំណាក់កាល ៖ ទី១- ជ្រើសរើសកសិករមកធ្វើការបណ្តុះបណ្តាលជំនាញកសិកម្ម ច្បាប់ទម្លាប់ ប្រពៃណី វប្បធម៌ និងភាសាអង់គ្លេសបឋមជាមួយក្រុមហ៊ុនផ្ទាល់ និងទី២- ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលបញ្ជូនកសិករទៅបម្រើការក្នុងកសិដ្ឋាននៅប្រទេសអូស្រ្តាលីតែម្តង។

លោក Robert K.Chelliah បានសម្តែងការគាំទ្រលើសេចក្តីព្រាង MOU នេះ ហើយប្តេជ្ញាចិត្តថា ក្រុមហ៊ុននឹងខិតខំឲ្យអស់ពីសមត្ថភាពក្នុងការនាំយកកសិករកម្ពុជាទៅស្វែងរកបទពិសោធន៍ល្អៗទាក់ទងការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសអូស្រ្តាលីនាពេលអនាគតដ៏ខ្លី។

ឆ្លៀតយកឱកាសនេះ លោកក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបផងដែរថា ថ្មីៗនេះរដ្ឋាភិបាលអូស្រ្តាលីបានប្រកាសបង្កើតកម្មវិធីផ្តល់ទិដ្ឋាការកសិកម្មដែលផ្តល់ឱកាសការងារជូនកសិករមកពីបណ្តាប្រទេសសមាជិកអាស៊ាន។ ក្នុងការត្រៀមខ្លួនជួយកសិករកម្ពុជា ក្រុមហ៊ុនបានធ្វើទំនាក់ទំនងជាមួយម្ចាស់កសិដ្ឋានធំៗនៅប្រទេសអូស្រ្តាលីដើម្បីទទួលយកកសិករកម្ពុជា ជាមួយលក្ខខណ្ឌការងារល្អប្រសើរ ធានាបាននូវការការពារផល ប្រយោជន៍ហិរញ្ញវត្ថុ និងសុខុមាលភាពរបស់ពលករស្របច្បាប់ តាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ៕

អត្ថបទ៖ លីនី