កម្ពុជាមានប្រភពចំណូលចំនួន ៥ប្រភេទ ដែលបានជួយទ្រទ្រង់ដល់ការចំណាយរបស់រាជរដ្ឋាភិបាលក្នុងបរិបទកូវីដ-១៩
សេដ្ឋកិច្ច August 3, 2021 Khmernote

ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា កម្ពុជាមានប្រភពចំណូលចំនួន៥ប្រភេទ ដែលបានជួយទ្រទ្រង់ដល់ការចំណាយរបស់រាជរដ្ឋាភិបាលក្នុងបរិបទកូវីដ-១៩ ដែលធានាបាននូវសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ ក្នុងពិធីអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារនិងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ប្រភពចំណូលទំាង៥ ដែលកម្ពុជាទទួលបានសម្រាប់ការចំណាយរបស់រាជរដ្ឋាភិបាល គឺទី១ ចំណូលចរន្តក្នុង១ខែជាមធ្យមមានចំនួន ៤០០ លានដុល្លារ ដែលអាចទ្រទ្រង់នូវការចំណាយ ដោយក្នុងរយៈ ពេល៧ខែ ឆ្នាំ២០២១នេះ ចំណូលគយ និងពន្ធដារទទួលបានចំនួន ៣០៦១ លានដុល្លារអាមេរិក ។

សម្តេចតេជោបញ្ជាក់ថា បើទោះជាកម្ពុជាជួបវិបត្តិកូវីដ ១៩ក្តី ក៏កម្ពុជាមិនស្នើសុំដល់ម្ចាស់ជំនួយសុំពន្យារពេលសងនោះដែរ នៅតែបន្តសងធម្មតា ហើយនៅឆ្នាំនេះកម្ពុជា ក៏មិនទាន់ចុះហត្ថលេខាលើហិរញ្ញប្បទានពីបរទេសនោះដែរ ។

« កន្លងទៅយើងមានប្រភព ៥សម្រាប់យកមកចំណាយ ប្រភពទីមួយនៃចំណូលចរន្តរបស់យើងក្នុងមួយខែប្រមាណជាមធ្យម ៤០០លានដុល្លារ ទោះបីជាចំណូលធ្លាក់ចុះក៏ប៉ុន្តែចំណូលរបស់យើងនៅតែអាចទ្រទ្រង់ចំណាយ ដែលគិតមកដល់ម្សិលមិញនេះចំណូល០៧ខែរបស់យើង ដោយមិនទាន់គិតចំណូលសារពើពន្ធ គឺគិតតែចំណូលពន្ធដារនិងគយ បានចំនួន ៣០៦១លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះបានមកពីពន្ធដារចំនួន ១៧១៦ លានដុល្លារ ស្មើនឹង ៧៦,៥៥ ភាគរយ ចំណូលពន្ធគយបាន ១៣៥៥លានដុល្លារ ស្មើនឹង ៥៦,៩ភាគរយ » ។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ប្រភពចំណូលទី២ ជាសាច់ប្រាក់សន្សំបានជាង ៣ពាន់លានដុល្លារ មុនពេលនៃការមកដល់នៃជំងឺកូវីដ១៩ ដែលរហូតមកដល់ពេលនេះ រាជដ្ឋាភិបាលបានចាយអស់ជាង ១ពាន់លានដុល្លារទៅហើយ នៅសល់សាច់ប្រាក់២ពាន់លានដុល្លារ ដែលមិនបានទៅរំខានដល់ទុនបម្រុងអន្តរជាតិ ២០ពាន់លានដុល្លារ និងមាសរាប់សិនតោននោះទេ ។ ប្រភពចំណូលទី៣ គឺជាថិវកាឧបត្ថម្ភរបស់សប្បុរសជន ពិសេសព្រះមហាក្សត្រ និងសម្តេចម៉ែ សម្រាប់ប្រើប្រាស់ប្រឆាំងកូវីដ១៩ និងគ្រោះធម្មជាតិដោយទឹកជំនន់ផងដែរ ដែលរហូតមកដល់ពេល នេះទទួលជាង១៤០ លានដុល្លារ ។ ប្រភពចំណូលទី៤ គឺការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលទទួលបានជាជំនួយ រួមមានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ , ធនាគារពិភពលោក (World Bank) ធនាគារអឺរ៉ុបផងដែរ ដែលជាផ្នែកមួយនៃថវិកាសម្រាប់អភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងប្រភពចំណូលទី៥ គឺជំនួយទ្វេភាគីនៃប្រទេសជាមិត្តភក្តិ ដូចជាប្រទេសចិន បានផ្តល់ជាសម្ភារបរិក្ខារពេទ្យ វ៉ាក់សាំង , ប្រទេសជប៉ុន ផ្តល់ជារថយន្ត ថ្នាំពេទ្យ សម្ភារបរិក្ខាពេទ្យ វ៉ាក់សាំង , សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយ១១ លានដុល្លារ បូករួមជាមួយវ៉ាក់សាំងជាង១លានដូស , ប្រទេសអង់គ្លេស ដែលនឹងផ្តល់វ៉ាក់សាំងដល់កម្ពុជា , អូស្ត្រាលី និងប្រទេសជិតខាងកម្ពុជា រួមមានវៀតណាម និងប្រទេសថៃផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន