សេដ្ឋកិច្ចថៃ នឹងត្រូវខាតបង់ ៣០០-៤០០ ពាន់លានបាតក្នុងមួយខែ ដោយសារការបន្តបិទខ្ទប់រយៈពេលពីរសប្តាហ៍ និងការពង្រីកតំបន់ “ក្រហមក្រម៉ៅ” ដល់ ២៩ខេត្ត
សេដ្ឋកិច្ច August 2, 2021 Khmernote

សភាពាណិជ្ជកម្មថៃបាននិយាយកាលពីថ្ងៃអាទិត្យថា ការបន្តបិទខ្ទប់រយៈពេលពីរសប្តាហ៍ និងការពង្រីកតំបន់ “ក្រហមក្រម៉ៅ” ដើម្បីគ្របដណ្តប់លើខេត្តចំនួន ២៩ នឹងធ្វើឱ្យសេដ្ឋកិច្ចខាតបង់ប្រហែល ៣០០-៤០០ ពាន់លានបាត (ប្រមាណជាង ៩ពាន់លានដុល្លារ-ជាង ១២ពាន់លានដុល្លារអាមេរិក) ដោយសារបាត់បង់សកម្មភាពសេដ្ឋកិច្ច។

បើតាមលោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃបានឱ្យដឹងថា ការខូចខាតពីវិធានការបិទ និងត្រួតពិនិត្យនៅខេត្តចំនួន ២៩ ក្នុងតំបន់ក្រហមក្រម៉ៅ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៣០០-៤០០ ពាន់លានបាតក្នុងមួយខែ ដោយសារខេត្តតំបន់ក្រហមដែលទើបប្រកាសថ្មីនេះ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទីតាំងនៃតំបន់ឧស្សាហកម្មដូចជា ខេត្តនគររាជសីម៉ា រ៉ាក់យ៉ង សារ៉ាបូរី និង សាមុតសុងក្រាម។

ជាមួយគ្នានេះ ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក Suphan Mongkolsutee បាននិយាយកាលពីថ្ងៃអាទិត្យថា ការបន្ថែមពេលបិទខ្ទប់របស់រដ្ឋាភិបាល មិនមែនមិនបានគ្រោងទុក គឺផ្អែកទៅលើនិន្នាការនៃការឆ្លង ប៉ុន្តែការចាត់ថ្នាក់ខេត្តជាច្រើនជាតំបន់ក្រហមក្រម៉ៅបន្ថែមពីតំបន់ទាំង ១៣ កាលពីមុននឹងជះឥទ្ធិពលដល់វិស័យផលិតកម្មថែមទៀត ខណៈខេត្តតំបន់ក្រហមក្រម៉ៅមានចំនួន ៧០-៨០ % នៃសមត្ថភាពផលិតសរុបរបស់ប្រទេស ហើយការបង្កើនវិធានការត្រួតពិនិត្យជំងឺ នឹងរារាំងសកម្មភាពសេដ្ឋកិច្ចថែមទៀត។

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានការណ៍ Covid-19 (CCSA) ដឹកនាំដោយនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអាទិត្យបានបន្ថែមរយៈពេលវិធានការបិទប្រទេសរយៈពេល ១៤ ថ្ងៃទៀត ពោលគឺចាប់ពីថ្ងៃទី ៣ ខែសីហា ក្នុងគោលបំណងដោះស្រាយការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូវីដប្រភេទថ្មីហៅថា ដែលតា។ លើសពីនេះ CCSA ក៏បានបង្កើនចំនួនខេត្តនៅក្នុងតំបន់“ ក្រហមក្រម់ៅ” ពី ១៣ ទៅ ២៩ ខេត្ត។ CCSA នឹងវាយតម្លៃស្ថានការណ៍ម្តងទៀតនៅថ្ងៃទី ១៨ ខែសីហា ហើយអាចពន្យារពេលបិទទ្វាររហូតដល់ថ្ងៃទី៣១ ខែសីហា ប្រសិនបើស្ថានភាពមិនប្រសើរឡើង៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand