ជ្រូកកណ្តុររបស់ជនជាតិដើមភាគតិច កំពុងត្រូវប៉ាន់ខ្លាំង ឯតម្លៃវិញខ្វៃរួចពីជាង ៥០ម៉ឺន ទៅជិត៨០ ម៉ឺនរៀលឯណោះក្នុង ១ក្បាល
សេដ្ឋកិច្ច July 31, 2021 Khmernote

ជ្រូកកណ្តុរដែលចិញ្ចឹមដោយជនជាតិដើមភាគតិច កំពុងមានតម្រូវការទីផ្សារខ្ពស់គួរសម ដោយសាតែមានរសជាតិឆ្ងាញ់ ហើយមានការកើនឡើងជារៀងរាល់ថ្ងៃនូវការបញ្ជាទិញយកទៅលក់នៅរាជធានីភ្នំពេញ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោកស្រី មាស ថេរ៉ា ជាអាជីវករលក់ និងទទួលខ្វៃជ្រូកនៅរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ជ្រូកកណ្ដុរដែលគេស្គាល់ថា ជាពូជជ្រូករបស់ក្រុមជនជាតិដើមចិញ្ចឹមលក្ខណៈគ្រួសារព្រលែងនៅក្នុងព្រៃក្រោយផ្ទះ ផ្តល់ចំណីបែបធម្មជាតិ មិនប្រើចំណីគីមី កំពុងទទួលបានការពេញនិយមយកទៅទទួលទានជាខ្លាំង។

អ្នកលក់រូបនេះបានប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋឥឡូវនិយមចូលចិត្តទិញជ្រូកកណ្តុរខ្វៃទៅបរិភោគជាងជ្រូកធម្មតា ព្រោះជ្រូកប្រភេទនេះ សាច់វាឥតមានខ្លាញ់ និងមានឱជារសឆ្ងាញ់ សាច់វារសជាតិបែបធម្មជាតិ ។

«ជ្រូកកណ្តុរវាខុសនឹងជ្រូកខ្មែរ ដោយសារជ្រូកខ្មែរវាអត់ឆ្ងាញ់ វាមានខ្លាញ់ច្រើន ហើយជ្រូកកណ្តុរវាអត់មានខ្លាញ់នោះទេ ប្រជាពលរដ្ឋតែងតែចូលចិត្តញ៉ាំវាខ្លាំង ។ ជ្រូកយើងអាចហៅថាជាជ្រូកធម្មជាតិក៏បានដែរ ខាងក្រុមជនជាតិដើមភាគតិច គាត់ចិញ្ចឹមមិនសូវប្រើថ្នាំនោះទេ គេព្រលែងវាចោលឲ្យស៊ីបន្លែ អ៊ីចឹងការចិញ្ចឹមជ្រូកបែបធម្មជាតិ វាតែងតែមានរសជាតិឆ្ងាញ់ជាងជ្រូក ដែលចិញ្ចឹមស៊ីចំណីហើយ »។

លោកស្រីបានបញ្ជាក់ថា ជ្រូកកណ្ដុរបានលក់ដាច់ជាខ្លាំងចាប់តាំងពីឆ្នាំ ២០២០ រហូតមកដល់ឆ្នាំ២០២១នេះ ក្នុង១ថ្ងៃអាចលក់បាន ចំនួន១០ក្បាលទៅ២០ក្បាល ក្នុងតម្លៃចន្លោះពីជាង៥០ម៉ឺនទៅជិត៨០ម៉ឺនរៀល តាមតូចឬធំនិងជាតម្លៃដែលខ្វៃរួចហើយ។

សូមបញ្ជាក់ថា កន្លងមកក្រសួងបរិស្ថានធ្លាប់បានជំរុញឱ្យមានការចិញ្ចឹមជ្រូកកណ្តុរនេះ(ជ្រូកពូជជនជាតិ) ឱ្យបានច្រើននៅតាមតំបន់ សហគមន៍ធម្មជាតិ ព្រមទាំងការចែកឱ្យចិញ្ចឹមផងដែរ ដើម្បីជាស្បៀងសម្រាប់ហូបចុកក្នុងក្រុមគ្រួសារ និងសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយធ្វើឱ្យកសិករអាចរកប្រាក់ចំណូលបន្ថែម ដោយមិនត្រូវពឹងផ្អែកតែការធ្វើស្រែចម្ការមួយមុខឡើយ៕

ប្រភព៖​ ក្រសួងព័ត៌មាន