ស្អាតមិនចាញ់ស្រុកគេឡើយ! មកមើលសម្រស់កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងសម្រេចការសាងសង់ជាស្ថាពរ នាខែសីហា ឆ្នាំ២០២១នេះ
សេដ្ឋកិច្ច July 30, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា គិតមកដល់ត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ដំណើរការសាងសង់កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញបានសម្រេចគ្រប់លក្ខណៈសម្បត្តិទាំងអស់ហើយ ដោយត្រូវបង្ហើយលើការតុបតែងលម្អបន្តិចបន្តួច នៅទីធ្លាខាងក្រៅ និងនៅតាមក្នុងបន្ទប់ប៉ុណ្ណោះ ដែលនឹងសម្រេចការសាងសង់ជាស្ថាពរ នាខែសីហា ឆ្នាំ២០២១។

នេះគឺជាការបញ្ជាក់ពី វឌ្ឍនភាពការងារសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ពីប្រទេសជប៉ុន ដែលឯកឧត្តមកំពុងបំពេញបេសកកម្ម ក្នុងការដឹកនាំក្រុមប្រតិភូ-អត្តពលិកកម្ពុជា ចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ឯកឧត្តមលើកឡើងថា កាលពីមុន សំណង់កីឡដ្ឋានធំនេះនៅសេសសល់ការបំពាក់កៅអីខ្លះៗ ទីលានរត់អត្តពលកម្ម និងទីលានបាល់ទាត់ ប៉ុន្តែឥឡូវនេះគឺធ្វើរួចរាល់ទាំងស្រុងហើយ ពោលគឺសំណង់កីឡដ្ឋានធំនេះបានលេចចេញជាសមិទ្ធផលពេញគ្រប់លក្ខណៈសម្បត្តិទាំងអស់ហើយចំពោះអាងទឹក ជុំវិញវិមានកីឡដ្ឋាន ដែលជាតំណាងកស្សិណអង្គរក៏បានដាក់បង្ហូរទឹកបំពេញអាង និងប្រព័ន្ធភ្លើង អំពូល ភ្លើងបំភ្លឺអាង រួមទាំងប្រព័ន្ធសំឡេង (Sound System) នៅផ្នែកខាងក្នុង ក៏បានបំពាក់រូចរាល់ដូចគ្នាផងដែរ។

ដូច្នេះ គ្រប់ការសាងសង់ ការបំពាក់ឧបករណ៍ រួមទាំងការងារផ្សេងទៀត សម្រាប់កីឡដ្ឋានធំនេះ ត្រូវ បានធ្វើរួចរាល់ជាស្ថាពរ។ ក្រៅពីនេះ គឺនៅសល់ការរៀបចំតុបតែង នៅផ្នែកទីធ្លាខាងក្រៅបន្តិចបន្តួច ប៉ុណ្ណោះ។ ជារួម គឺក្រុមហ៊ុនសាងសង់បានបើកភ្លើងបំភ្លឺសាកល្បង ដោយត្រូវប្រើប្រាស់ ថាមពលអគ្គិសនីដ៏ច្រើនសន្ធឹកសន្ធាប់។ ឯកឧត្ដមបានលើកឡើងថា អ្វីដែលនៅសេសសល់បន្តិចបន្តួចនោះ គឺការងារទីធ្លាខាងក្រៅ រួមទាំងការបោសសម្អាត។

ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការក៏បានសង្កត់ធ្ងន់ដែរថា កិច្ចការត្រួតពិនិត្យវឌ្ឍនភាពការសាងសង់កីឡដ្ឋានធំនេះត្រូវបានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC តែងតែបានយកចិត្តទុកដាក់ខ្ពស់ និងហ្មត់ចត់បំផុតឱ្យតាមដានជាប់ជាប្រចាំ។

ក្រោយពីបញ្ចប់ការសាងសង់ គឺយើងត្រូវបន្តការថែទាំ បន្ទាប់ពីក្រុមហ៊ុនសាងសង់របស់ភាគីចិននឹងប្រគល់ជូនដល់ CAMSOC។ សម្រាប់ការថែទាំបន្តCAMSOC កំពុងស្នើសុំធនធានមនុស្ស អ្នកបច្ចេកទេស សន្តិសុខ សណ្តាប់ធ្លាប់ អនាម័យ ដើម្បីថែទាំវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាមរតកដ៏ធំមហាសាលរបស់កម្ពុជា សម្រាប់ការទាក់ទាញ និងក្លាយជានិមិត្តរូបថ្មីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងប្រារព្ធពិធីបើក-បិទជាផ្លូវការនៃព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រកួតពហុកីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលព្រះរាជាណាចក្រកម្ពុជាកំពុងសម្រួចគោលដៅយ៉ាងយកចិត្តទុកដាក់ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងជាប្រវត្តិសាស្ត្រ៕

ប្រភព៖ ក្រសួងព័ត៌មាន