សហព័ន្ធឧស្សាហកម្មថៃ ព្រមានពីការខ្វះខាតទំនិញសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដោយសារជំងឺកូវីដ-១៩
សេដ្ឋកិច្ច July 30, 2021 Khmernote

សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមានថា ការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងវិស័យឧស្សាហកម្ម អាចនាំឱ្យទំនិញក្នុងស្រុកមានការខ្វះខាត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus ដែលបានចុះផ្សាយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នេះ។

សារព័ត៌មានដដែលបានឱ្យដឹងថា សហព័ន្ធឧស្សាហកម្មថៃ បានបង្កើនការដាស់តឿនជាថ្មីម្ដងទៀត បន្ទាប់ពីព្រមានលើកមុន អំពីផលប៉ះពាល់លើវិស័យនាំចេញ ប្រសិនបើជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរីករាលដាលបន្ថែមទៀតលើកម្មកររោងចក្រ។ អនុប្រធាន សហព័ន្ធឧស្សាហកម្មថៃ (FTI) លោក Kriengkrai Thiennukul បាននិយាយថា ប្រសិនបើអត្រានៃការឆ្លងក្នុងឥឡូវនេះ កើនករណីថ្មីប្រហែល ១៤.០០០ ករណីជារៀងរាល់ថ្ងៃ ហើយការឆ្លងក្នុងរោងចក្រនៅតែបន្តរហូតដល់ពាក់កណ្តាលខែសីហាទៀតនោះ ប្រទេសថៃ នឹងមិនអាចជៀសផុតពីផលប៉ះពាល់លើការផ្គត់ផ្គង់នាំចេញឡើយ។

លោកបានបន្ថែមថា ក្រៅពីនេះក៏អាចមានការខ្វះខាតផលិតផលមួយចំនួន ខណៈដែលវិស័យនាំចេញពិតជានឹងរងផលប៉ះពាល់។ លើសពីនេះទៀតនោះ លោកបានកត់សម្គាល់ឃើញថា បញ្ហាទាំងនេះ នឹងធ្វើឱ្យប្រជាជនពិបាកក្នុងការទិញផលិតផល និងសេវាកម្ម ខណៈពេលនេះ ប្រទេសថៃជួបប្រទះតែបញ្ហានៅលើផ្នែកតម្រូវការ ដោយសារតែការទិញទំនិញរបស់ប្រជាជនចុះខ្សោយប៉ុណ្ណោះ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus