ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ត្រៀមថវិកាមួយចំនួនធំរួចជាស្រេច សម្រាប់បន្តផ្តល់ឥណទានប្រមូលដល់បណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកិនកែច្នៃនិងនាំចេញអង្ករ
សេដ្ឋកិច្ច July 29, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រៀមថវិកាមួយចំនួនធំរួចជាស្រេច សម្រាប់បន្តផ្តល់ឥណទានប្រមូលដល់បណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកិនកែច្នៃ និងនាំចេញអង្ករ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ នៅរដូវប្រមូលផលដ៏ខ្លីខាងមុខ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ARDB បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦ ដល់បច្ចុប្បន្ន ARDB បានផ្តល់ឥណទានយ៉ាងសកម្ម ដើម្បីផ្តល់ជាទុនបង្វិល ដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកិនកែច្នៃ និងនាំចេញអង្ករ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ។

ក្នុងរដូវប្រមូលផលស្រូវឆ្នាំ ២០២១នេះ ធនាគារអភិវឌ្ឍន៍ជន នបទនិងកសិកម្ម ដែលជាសេនាធិការផ្ទាល់ឱ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ឥណទានជាបន្តបន្ទាប់ ហើយបានត្រៀមថវិកាមួយចំនួនធំសម្រាប់បន្តផ្តល់ឥណទាន ដល់បណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកិនកែច្នៃនិងនាំចេញអង្ករ ដើម្បីប្រមូលទិញស្រូវពីបងប្អូនប្រជាកសិករក្នុងរដូវប្រមូលផលដ៏ខ្លីខាងមុខ ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលកញ្ចប់ថវិកាក្រោមកម្មវិធីពិសេស ពីរាជរដ្ឋាភិបាលចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្នមានចំនួន ៨០ លានដុល្លារអាមេរិក ដោយមិនទាន់រាប់បញ្ចូលមូលនិធិទ្រទ្រង់និងអភិវឌ្ឍន៍វិស័យកសិកម្ម ដែល ARDB ទើបទទួលបានសម្រាប់បង្កើនដើមទុន ដើម្បីជំរុញការទិញស្រូវពីប្រជាកសិករ សំដៅធ្វើឱ្យតម្លៃស្រូវក្នុងប្រទេសមានស្ថិរភាព និងបង្កើនសន្និធិស្រូវសម្រាប់ផ្គត់ផ្គង់ ដល់ការកែច្នៃអង្ករផ្គត់ផ្គង់តម្រូវការក្នុងប្រទេស និងការនាំចេញ ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខ្លួនបាន និងកំពុងផ្តល់ឥណទានជាទុនបង្វិលគាំទ្រដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកិនកែច្នៃ និងនាំចេញអង្ករ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករគ្រប់រដូវប្រមូលផល ដោយទទួលយកសន្និធិស្រូវ-អង្ករ ជា វត្ថុធានាបំណុល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សមិទ្ធផល និងឥណទានយ៉ាងច្រើនសម្រាប់គាំទ្រវិស័យកសិកម្ម ជាពិសេសវិស័យស្រូវ-អង្ករនេះ កើតចេញពីការគិតគូររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះជីវភាពបងប្អូនប្រជាកសិករទាំងអស់ទូទាំងប្រទេសជាប្រចាំ និងគ្រប់ពេលវេលា៕

ប្រភព៖ ក្រសួងព័ត៌មាន