ខេត្ត ២នេះត្រៀមខ្លួន ខណៈគម្រោងវិនិយោគលើរោងចក្រកាត់ដេរចំនួន​ ២ តម្លៃសរុបជាង ១២លានដុល្លារត្រូវបាន CDC អនុម័ត
សេដ្ឋកិច្ច July 29, 2021 Khmernote

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) កាលពីថ្ងៃទិ២៨ ខែកក្កដា ឆ្នាំ២០២១ នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន GENERAL ENTERPRISES GARMENT (CAMBODIA) CO., LTD និងក្រុមហ៊ុន SORTICS ALLIANCE CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងចាក់សម្លៀកបំពាក់។

(រូបតំណាង)

យោងតាមសេចក្តីប្រកាសរបស់ CDC បានឱ្យដឹងថា គម្រោងថ្មីរបស់ក្រុមហ៊ុនទាំង ២ មានទុនវិនិយោគសរុបចំនួន ១២.៥លានដុល្លារអាមេរិក ដោយមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្ថិតនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ទន្ទឹមនឹងនេះ គម្រោងដែលត្រូវបានអនុម័តទាំងពីរនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតការងារចំនួន ១,៩៧៣កន្លែង សម្រាប់ប្រជាជនក្នុងតំបន់។ គួរបញ្ជាក់ផងដែរថា ការវិនិយោគនៅខណៈពេលដែលមានការរីករាលដាលនៃជំងឺកូវីដ-១៩នេះ បានបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនក្នុងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនយោបាយ និងសង្គមរបស់ប្រទេសកម្ពុជា ទោះបីជាមានការគំរាមកំហែងពីការរីករាលដាលនៃជំងឺរាតត្បាតក៏ដោយ៕

អត្ថបទ៖ លីនី