ប្រទេសឡាវ ត្រៀមបើកទេសចរណ៍ឡើងវិញក្រោមលក្ខខណ្ឌ «ធម្មតាបែបថ្មី»
ទេសចរណ៍ July 29, 2021 Khmernote

រដ្ឋាភិបាលឡាវ បានណែនាំឱ្យក្រសួងព័ត៌មាន វប្បធម៌និងទេសចរណ៍ ធ្វើការសម្របសម្រួលជាមួយបណ្តាតំបន់នានានៅទូទាំងប្រទេសដើម្បីត្រៀមសម្រាប់ការបើកឡើងវិញនូវវិស័យទេសចរណ៍របស់ខ្លួនក្រោមលក្ខខណ្ឌ “ធម្មតាបែបថ្មី” ។ ថ្លែងទៅកាន់ការប្រជុំប្រចាំខែរបស់រដ្ឋាភិបាលកាលពីខែកក្កដានៅថ្ងៃទី ២៦-២៧ លោកនាយករដ្ឋមន្រ្តី Phankham Viphavanh បានស្នើឱ្យក្រសួងដឹកជញ្ជូន និងក្រសួងទេសចរណ៍ ធ្វើការរួមគ្នាដើម្បីបើកទេសចរណ៍ឡើងវិញដូចធម្មតាតែបែបថ្មីនៅតាមតំបន់នីមួយៗ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយឡាវ ព័ត៌មាននេះនាំមកនូវក្តីសង្ឃឹមដល់ឧស្សាហកម្មទេសចរណ៍ដែលត្រូវបានផ្អាកអាជីវកម្មរបស់ពួកគេដោយសាររលកទី ២ នៃវីរុសកូវីដ-១៩ ដែលកំពុងវាយលុកប្រទេសនេះចាប់តាំងពីពាក់កណ្តាលខែមេសា។ ក្នុងនោះគ្រប់ខេត្តស្ថិតនៅក្រោមការបិទទ្វារត្រឹមខែឧសភា ក្រុមហ៊ុនអាកាសចរណ៍ត្រូវបានបិទ ហើយស្ថានីយ៍ឡានក្រុងក៏បានបិទដូចគ្នា ដោយទុកឱ្យប្រតិបត្តិករទេសចរណ៍ដំណើរការដោយគ្មានសង្ឃឹម។

ទោះជាយ៉ាងណាក្ដី ការបន្ធូរបន្ថយជាបន្តនៃវិធានការបិទខ្ទប់ប្រទេស បានអនុញ្ញាតឱ្យការធ្វើដំណើរអន្តរជាតិបន្តឡើងវិញ ដោយក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនរថយន្តក្រុង ត្រូវប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិស្តីពីការការពារនិងការណែនាំដ៏តឹងរ៉ឹងសម្រាប់អ្នកដំណើរ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus