ល្អសែនល្អ! ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងជាង ៣លានដុល្លារ សម្រាប់អនុវត្តគម្រោង « អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស »
សេដ្ឋកិច្ច July 23, 2021 Khmernote

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលបានចេញផ្សាយនៅព្រឹកនេះបានឱ្យដឹងថា ប្រទេសជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន ៣៦២ លានយ៉េន (ប្រមាណ ៣,៣១លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង « អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស » ក្នុងឆ្នាំ២០២១។

(រូបតំណាង)

សេចក្ដីប្រកាសព័ត៌មានដដែលបានបន្តថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុននេះ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នាទីស្តីការក្រសួង ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណងដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្សនៃកម្ពុជា ក៏ដូចជាជួយពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ៕

អត្ថបទ៖ លីនី