ថៃ គ្រោងបើកកោះចំនួន ៦ ទៀតនៅដើមខែសីហា សម្រាប់ភ្ញៀវទេសចរបរទេស ខណៈតួលេខឆ្លងប្រចាំថ្ងៃឡើងជាង ១ម៉ឺនករណី
ទេសចរណ៍ July 23, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប្រទេសថៃ គ្រោងនឹងបើកកោះចំនួន ៦ ទៀតសម្រាប់ភ្ញៀវទេសចរបរទេសនៅថ្ងៃទី១ ខែសីហា ក្រោមគម្រោង «Phuket Sandbox » សម្រាប់ការធ្វើដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ដោយទទួលបានភ្លើងខៀវកាលពីថ្ងៃព្រហស្បតិ៍ កោះទាំង ៦ដែលនឹងបើកដំណើរការខាងមុខនេះរួមមានគឺកោះ Phi Phi, កោះ Ngai និង កោះ Railay ក្នុងខេត្ត Krabi និង Khao Lak, កោះ Yao Noi និង កោះ Yao Yai ក្នុងខេត្ត Phang Nga។

សំណើដើម្បីបើកកោះក្រោមទម្រង់ “7+7” ត្រូវបានផ្តល់ជាគោលការណ៍ដោយមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពកូវី-១៩ (CCSA) ដែលដឹកនាំដោយនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា។ CCSA បាននិយាយថា ខ្លួននឹងពិនិត្យមើលសំណើនេះមុនពេលធ្វើការប្រកាសជាផ្លូវការ។

យ៉ាងណាមិញ យោងតាមសំណើនេះ អ្នកទេសចរបរទេសដែលស្នាក់នៅភូកេតរយៈពេល ៧ ថ្ងៃហើយធ្វើតេស្តអវិជ្ជមានវីរុសកូវីដ-១៩ នឹងអាចទៅកោះចំនួន ៦ខាងលើរយៈពេល ៧ ថ្ងៃ។ គួរបញ្ជាក់ផងដែរថាកាលពីរសៀលថ្ងៃព្រហស្បិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ ប្រទេសថៃបានកត់ត្រាករណីជំងឺកូវីដ-១៩ ថ្មីចំនួន ១៣,៦៥៥ ករណី ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានមួយទៀត ក៏ដូចជាការស្លាប់បន្ថែមចំនួន ៨៧ ករណី នៅក្នុងរយៈពេល ២៤​ ម៉ោងចុងក្រោយនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand