ក្នុងឆមាសទី១ឆ្នាំ២០២១ កម្ពុជានាំចេញកសិផលសរុបមានកំណើនជាង ២ ៥៧១ លានដុល្លារ
សេដ្ឋកិច្ច July 22, 2021 Khmernote

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបាននាំចេញកសិផលសរុបក្នុងឆមាសទី១ ឆ្នាំ២០២១ មានកំណើនជាង ២ ៥៧១លានដុល្លារ ប្រមាណ ៨៤.៦៤ ភាគរយ ក្នុងនោះកសិផលកើនឡើងចំនួន ១០៧.១៦ ភាគរយ។ ប៉ុន្តែការនាំចេញអង្ករមានការធ្លាក់ចុះ ២៩,៤៧ភាគរយ ដោយសារកង្វះទូកុងតឺន័រសម្រាប់ផ្ទុក តម្លៃដឹកជញ្ជូនកើនឡើង និងតម្លៃអង្ករនៅទីផ្សារអន្តរជាតិមានការធ្លាក់ ចុះ ពិសេសសហភាពអឺរ៉ុប។

ឯកឧត្តម វេង សាខុន បញ្ជាក់បែបនេះក្នុងកិច្ចប្រជុំលើកទី១០ តាមប្រព័ន្ធ Video ជាមួយក្រុមការងារបច្ចេកទេសចម្រុះ នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ដើម្បីពិភាក្សានិងពិនិត្យវឌ្ឍនភាព លើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ក្រោមអធិបតី ភាពឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះវិស័យសន្តិ សុខស្បៀងនិងអាហារូបត្ថម្ភ ហើយក៏មានការអញ្ជើញចូល រួមពីឯកឧត្តម លោកជំទាវ តំណាងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ លោក Jost KADEL អគ្គទីប្រឹក្សា និងជាប្រធានសហប្រតិបត្តិការនៃស្ថានទូតអាល្លឺម៉ង់ និងលោក Alexandre Huynh នាយកអង្គការ FAO និងជាសហប្រ ធានអ្នកសម្របសម្រួល។

ក្នុងឱកាសនោះ ឯកឧត្តម វេង សាខុន បានជម្រាបជូនអង្គប្រជុំជ្រាបនូវចំណុចសំខាន់ៗទាក់ទងការងារសន្តិ សុខស្បៀង និងអាហារូបត្ថម្ភ ដែលក្រសួងសម្រេចបាន គឺ ដោយសារសន្តិភាព ឯកភាព ជាតិ តាមរយៈគោលនយោ បាយ “ឈ្នះ-ឈ្នះ” របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាំងពីឆ្នាំ ១៩៩៨ បានធ្វើឱ្យកម្ពុជាមានអតិរេកស្បៀងតាំងពីទសវត្សរ៍ទី៩០ ។ ល្បឿនការងារបង្ក បង្កើនផលដំណាំរដូវវស្សាឆ្នាំ ២០២១ គិតមកទល់ពេល នេះ សម្រេចបាន ៨៦,៨១ ភាគរយ នៃផែនការជាង ២ លាន៦សែនហិកតា ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មសម្រេចបាន ៨៤ភាគរយនៃផែនការ។

កម្ពុជាជាប្រទេសមួយក្នុង ចំណោមប្រទេស ៣៨ក្នុងពិភពលោក សម្រេចបាននូវគោលដៅសហស្សវត្សរ៍ក្នុងការប្រយុទ្ធនឹងភាពក្រីក្រគិតត្រឹមឆ្នាំ២០១២ មុនគោលដៅសហស្សវត្សរ៍ ៣ឆ្នាំ និងបានទទួលប័ណ្ណទទួលស្គាល់ពីអង្គការ FAO នៅក្នុងខែឆ្នាំ ២០១៣ ។ គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២១-២០៣០ មានគោល ដៅចម្បង គឺបង្កើនតម្លៃបន្ថែមលើកសិផលឱ្យស្របតាមការរីកលូតលាស់សេដ្ឋកិច្ចជាតិឆ្លើយតបទៅនឹងវឌ្ឍនាការនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងបច្ចេកវិទ្យាឌីជីថល ពិសេសក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥។

ឯកឧត្តមបន្តទៀតថា វិស័យកសិកម្មមានសក្តានុពល និងកាលានុវត្តភាពសម្រាប់ធ្វើការអភិវឌ្ឍ លក្ខណ:ភូមិសាស្រ្តអំណោយផល ស្ថានភាពទីផ្សារកសិផលក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិកំពុងមាន ការកើនឡើង បរិយាកាសវិនិយោគ ការផ្លាស់ប្តូរឥរិយាបថរបស់កសិករទៅជាកសិពាណិជ្ជករប្រកបដោយភាពវៃឆ្លាតក្នុងបរិបទនៃបច្ចេក វិទ្យាឌីជីថល ធានាបានការផ្គត់ផ្គង់ទាំងបរិមាណ គុណ ភាព សុវត្ថិភាព និងការប្រកួតប្រជែងការកែច្នៃវេចខ្ចប់ ។ ក្រសួងបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ធ្វើយ៉ាងណារក្សាបាននិរន្តរភាពប្រព័ន្ធស្បៀងនៅឆ្នាំ២០៣០ ដោយបានកំណត់ចក្ខុវិស័យប្រែក្លាយ “កសិកម្មកម្ពុជា ជាកសិកម្មទំនើបដែលមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែ ប្រួលអាកាសធាតុ និងនិរន្តរភាព បង្កើនប្រាក់ ចំណូល វិបុលភាព និងសុខុមាលភាព” ។ បង្កើនប្រសិទ្ធភាពនៃការកាត់បន្ថយរហោស្ថានកម្ម ការគ្រប់គ្រងដី ធនធានព្រៃឈើ និងជលផលប្រកបដោយចីរភាព និងភាតរៈបរិស្ថាន ៕

ប្រភព៖ ក្រសួងព័ត៌មាន