រដ្ឋមន្ត្រីក្រសួងសាធារណ៖ «រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើការងារកសាងផ្លូវថ្នល់ឱ្យទំនើប »
សេដ្ឋកិច្ច July 22, 2021 Khmernote

រដ្ឋមន្ត្រីក្រសួងសាធារណលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការកសាងហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ជាច្រើនខ្សែ នៅគ្រប់រាជធានីខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើរទៅមក និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នេះដោយយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

ថ្លែងក្នុងឱកាសបើកឱ្យដំណើរការជាផ្លូវជាការ មណ្ឌលផ្តល់សេវាសាធារណៈ ទី០៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើប ហេរីថេក វ៉ក ក្នុងខេត្ត សៀមរាប នាថ្ងៃទី ២១ ខែកក្ក ដា ឆ្នាំ២០២១នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាពិសេសផ្លូវថ្នល់ដែលជាសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ ។

ឯកឧត្តមបន្តថា ជាក់ស្តែងរាជរដ្ឋាភិបាលបានប្រើប្រាស់កញ្ចប់ថវិកាសន្សំ សំចៃរបស់ជាតិ មកធ្វើការកសាងផ្លូវថ្នល់ជាច្រើនខ្សែ រួមមាន ផ្លូវថ្នល់៣៨ខ្សែនៅ ក្នុងខេត្តសៀមរាប ដែលកំពុងដំណើរការសាងសង់ ផ្លូវចំនួន ៣៤ខ្សែក្នុងខេត្តព្រះសីហនុ ដែលបានសាងសង់រួចរាល់ ផ្លូវចាប់ពីរង្វង់មូលស្គន់ មក កាន់ខេត្តកំពង់ធំ និងពីខេត្តកំពង់ធំ មកកាន់ខេត្តសៀមរាប ដែលបានពង្រីកពី ២ គន្លងទៅ៤គន្លង និងក្រៅពីនោះទៀត ក៏មានផ្លូវថ្នល់សំខាន់ៗច្រើនខ្សែទៀតដែលបានជួសជុលរួចរាល់ និងកំពុងដំណើរការជួសជុល។

ឯកឧត្តមបន្តថា ផែនការកសាងផ្លូវថ្នល់ទាំងនោះ រំពឹងថាក្រោយពេលវិបត្តិនៃជំងឺកូវីដ១៩ បានបញ្ចប់ទៅ ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជា នឹងបានឃើញអំពីភាពស្រស់ស្អាត នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរដ្ឋបានខិតខំកសាង។

“សម្តេចអគ្គមហា សេនាបតីតេជោហ៊ុនសែន លោកបានផ្តល់ថវិកាសន្សំ សំចៃរបស់ជាតិ ដើម្បីមកកសាងផ្លូវ៣៨ខ្សែ ប្រវែង ១០៨គីឡូម៉ែត្រនៅក្រុងសៀមរាប ធ្វើផ្លូវឱ្យបានល្អដើម្បីត្រៀមទទួលទេសចរ ពេលយើងចប់កូវីដនេះ ពេលដែលភ្ញៀវទេសចរមកលេងកម្ពុជាយើង ដែលជាកញ្ចប់ថវិកា ដែលរាជរដ្ឋាភិបាលសន្សំសំចៃយកមកកសាង ហើយនៅខេត្តព្រះសីហនុផ្លូវ៣៤ខ្សែក៏បានធ្វើចប់សព្វ គ្រប់ ក្រៅពីនោះរាជរដ្ឋាភិ បាលក៏បានខំប្រឹងប្រែងផ្លូវផ្សេងៗទៀត ដូចជាការពង្រីកផ្លូវលេខ៣ ពីភ្នំពេញទៅបែកគូសផ្លូវប្រវែង៧០គីឡូម៉ែត្រ ពី២កន្លងទៅ៤គន្លង ពីបែកគូសទៅកំពត ពង្រីក១២ ម៉ែត្រ ផ្លូវជាតិលេខ២ លេខ ២២ ភ្នំពេញទៅតាកែវ កន្លែងខ្លះពង្រីកពី២កន្លងទៅ៤គន្លង ផ្លូវជាតិលេខ៤ ពង្រីកពី៧ ម៉ែត្រទៅ១១ម៉ែត្រ ផ្លូវជាតិលេខ៥ដែលជាផ្លូវដ៏សំខាន់របស់ប្រទេសជាតិយើង គឺការតភ្ជាប់ពីប្រទេសចិន មកប្រទេសមីយ៉ាន់ម៉ា ពីប្រទេសមីយ៉ាន់ម៉ាមកប្រទេសថៃ មកប្រទេសកម្ពុជា ឆ្លងមកតាមផ្លូវជាតិលេខ១ ទៅកាន់ប្រទេសវៀតណាម ដែលជាផ្លូវអាស៊ានលេខ១ យើងកំពុងពង្រីកផ្លូវនោះពីព្រែកក្តាមទៅប៉ោយ ប៉ែត ពី២កន្លងទៅ៤កន្លង ផ្លូវលេខ៦ពីស្គន់មកភ្នំពេញយើងបានពង្រីកពី២កន្លង ទៅ ៤កន្លងរួចហើយ ពីស្គន់មកសៀមរាបយើងបានពង្រីក ១២ម៉ែត្រហើយ”។

ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបន្ថែមទៀតថា ក្នុងជំហានបន្តនេះ ក្រសួង សាធារណការនិងដឹកជញ្ជូន កំពុងសិក្សាពីលទ្ធភាពពង្រីកផ្លូវចាប់ពីស្គន់ខេត្តកំពង់ចាម ទៅដល់ខេត្តកំពង់ធំ ពី២គន្លងទៅ៤គន្លង និងចាប់ពីខេត្ត កំពង់ធំមកកាន់ខេត្តសៀមរាប ពី២គន្លងទៅ៤គន្លង។ ផ្លូវលេខ៧ ចាប់ពីស្គន់ទៅដល់ទីរួមខេត្តកំពង់ចាម ពី២គន្លង ទៅ៤គន្លង ដែលបានសិក្សារួចរាល់ ។ ផ្លូវជាតិលេខ៧ ពីខេត្តក្រចេះ ទៅកាន់ខេត្តស្ទឹង ត្រែង មានចំងាយប្រមាណ ១៩០គីឡូម៉ែត្រ បានពង្រឹង គុណភាពពីកៅស៊ូស្រទាប់ស្តើង ទៅជាបេតុងកៅស៊ូ ផ្លូវលេខ៨កំពុងត្រៀមដំណើរការជួសជុល និងផ្លូវលេខ១០ ពីស្រុកសំឡូត ខេត្តប៉ៃលិន ទៅ កាន់ស្រុកវាលវែងឆ្ពោះទៅកាន់ខេត្តកោះកុង កំពុងដំណើរការសាងសង់ផ្លូវ ៧១C តភ្ជាប់ស្ពានស្ទឹងត្រង់ ស្រុកក្រូចឆ្មារ កំពុងដំណើរការសាងសង់ និងមានគម្រោងជួសជុលផ្លូវនិងស្ពាន ជាច្រើនខ្សែទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន