ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដំណើរការសាងសង់ដល់ណាហើយ ខណៈកម្ពុជាត្រូវរងការរាតត្បាតដោយវីរុសកូវីដ-១៩
សេដ្ឋកិច្ច July 21, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី សម្រេចបានជិត១៩ភាគរយហើយ បើទោះបីជាប្រទេសកម្ពុជាកំពុងរងការគំរាមកំហែងដោយសារជំងឺកូវីដ-១៩យ៉ាងធ្ងន់ធ្ងរក៏ដោយ។ ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា បើទោះបីជាកម្ពុជាកំពុងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ហើយបានធ្វើឱ្យប៉ះពាល់ខ្លះដល់ដំណើរការសាងសង់ក៏ពិតមែន តែក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាហៅកាត់ថា (OCIC )នៅតែបន្តដំណើរការ សាងសង់ជាប្រក្រតី ដើម្បីឱ្យសម្រេចតាមគោលដៅដែលបានគ្រោងទុក ។

ឯកឧត្ដម​បញ្ជាក់​ថា​ « អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បើយើងគិតឱ្យត្រឹមត្រូវទៅ គឺសម្រេចបានជាង១៨ភាគរយហើយ ប៉ុន្តែសម្រាប់ការវាស់វែងនេះ គឺជាការវាស់វែងតាមវិជ្ជាជីវៈ ហើយនឹងតាមក្បួនដែលមានការទទួលស្គាល់ពីក្រុមហ៊ុនសាងសង់ ដូច្នេះគឺគាត់សម្រេចបានចំនួន១៨,៩ ភាគរយ »។

ឯកឧត្ដមបន្តថា នៅពេលដែលព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីសាងសង់រួច រាល់ហើយនោះ ព្រលាននេះនឹងជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងវិស័យអាកាសចរណ៍ ទាំងវិស័យពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ជាពិសេសរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តាមផ្លូវជាតិលេខ២ មានចម្ងាយប្រមាណ២០ គីឡូ ម៉ែត្រពីរាជធានីភ្នំពេញ មានផ្ទៃដីសរុបចំនួន២៦០០ហិកតា ដែលគម្រោងសាងសង់នេះមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ២០២៣ ខាងមុខ អាចទទួលអ្នកដំណើរបានប្រមាណ១៣លាននាក់ក្នុងមួយឆ្នាំ។ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលបានអ្នក ដំណើរប្រមាណជា៣០លាននាក់ក្នុង១ឆ្នាំ និងក្នុងដំណាក់ កាលចុងក្រោយនឹងបញ្ចប់នៅឆ្នាំ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់៥០ លាននាក់ក្នុងមួយឆ្នាំ ដែលវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារសហអាមេរិក៕

ប្រភព៖ information