ថៃ ហាមឃាត់ការហោះហើររបស់អ្នកដំណើរក្នុងស្រុក តែជើងហោះហើរអន្តរជាតិនៅបើកដូចដើម
ទេសចរណ៍ July 21, 2021 Khmernote

ការហាមឃាត់ការហោះហើររបស់អ្នកដំណើរក្នុងស្រុកទៅ ឬ មកពីតំបន់ក្រហមក្រម៉ៅចំនួន ១៣ ត្រូវបានចូលជាធរមាននៅថ្ងៃពុធ ទី២១ ខែកក្កដា នេះ បន្ទាប់ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានប្រកាសហាមប្រាមការហោះហើរដោយគ្មានកំណត់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បាននិយាយថា បំរាមនេះអនុលោមតាមសេចក្តីសំរេចចុងក្រោយរបស់មជ្ឈមណ្ឌលរដ្ឋបាលសិក្សាស្ថានភាពកូវីដ-១៩ ដែលបានប្រកាសដាក់តំបន់ចំនួន ១៣ ដែលរងការវាយប្រហារដោយវីរុស ចូលក្នុងតំបន់ក្រហមក្រម៉ៅ ដែលជាតំបន់ មានការរឹតត្បិត និងគ្រប់គ្រងយ៉ាងតឹងរឹង។

ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលរដ្ឋបាលសិក្សាស្ថានភាពកូវីដ-១៩ បានដាក់កម្រិតលើការធ្វើដំណើរទៅនិងមកពីទីក្រុងបាងកក និងខេត្តចំនួន ១២ ដូចជា Chachoengsao, Chon Buri, Nakhon Pathom, Nonthaburi, Narathiwat, Pathum Thani, Pattani, Ayutthaya, Yala, Songkhla, Samut Prakan និង Samut Sakhon។

មជ្ឈមណ្ឌលរដ្ឋបាលសិក្សាស្ថានភាពកូវីដ-១៩ ក៏បានបញ្ជាក់ផងដែរថា ការហាមឃាត់នេះទាក់ទងតែការហោះហើររបស់អ្នកដំណើរក្នុងស្រុកតែប៉ុណ្ណោះ ហើយអ្នកដែលប្រតិបត្តិការសម្រាប់ខេត្តដែលបានបើកជាថ្មីជាបណ្ដោះអាសន្ន យន្តហោះនឹងអាចអនុញ្ញាតឱ្យចុះចតក្នុងករណីបន្ទាន់ ឬ ដោយសារបញ្ហាបច្ចេកទេស និងការហោះហើរចាំបាច់រួមទាំងអ្នកដែលបម្រើអ្នកជំងឺ និងអ្នកទទួលវ៉ាក់សាំង។ ដោយឡែកបម្រាមនេះ មិនអនុវត្តចំពោះជើងហោះហើរដឹកទំនិញ ឬ ជើងហោះហើរអន្តរជាតិទេ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost