មហាមិត្តចិន ផ្ដល់ជំនួយ​ឥត​សំណង​ ២.៥លានដុល្លារ សម្រាប់ប្រតិបត្តិការបោសសំអាតមីននៅកម្ពុជា
សេដ្ឋកិច្ច July 20, 2021 Khmernote

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានសំរេចផ្តល់​ជំនួយ​ឥត​សំណង​មានទឹកប្រាក់សរុបចំនួន ២,៥០០,០០០​ ដុល្លារអាមេរិក​ ជូនដល់​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដេីម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាព​សុី​ម៉ាក់ ស្ថិតនៅកងឯកភាពកំចាត់មីនទី៦​ ខេត្តព្រះវិហារ​ ឧត្តរមានជ័យ​ ស្ទឹងត្រែង​ និងកងឯកភាពកំចាត់មីនទី៤​ ខេត្តសៀមរាប​ និងខេត្តកំពង់ធំ​ ដែលមាន​កម្លាំង​ប្រតិបត្តិការ​សរុបចំនួនជិត៣០០នាក់។​

សូមជម្រាបថា គម្រោងនេះ​មាន​រយៈពេល​១២ខែ ចាប់ពីខែមករាដល់ខែធ្នូ ឆ្នាំ២០២២ និងមានផែនការត្រូវរំដោះផ្ទៃដីចំការមីននិងចំការសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង១៧០០ហិចតា​ និងសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនចំនួន៧ខេត្ត។

សូមរំលឹកជំរាបជូនថាលទ្ធផលរយ:ពេល៦ខែ ឆ្នាំ២០២១នេះ​ គំរោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា​ ដែលបានផ្តល់ជំនួយឥតសំណងមានទំហំថវិកាដូច២០២២ដែរ​នោះ និងបានរំដោះដីចំការមីន/គ្រាប់សំណល់ជាតិផ្ទុះចំនួ​នជិត១០៨៣ហិចតា រុករកឃេីញកំទេចគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួ​នជាង៥០០០គ្រាប់៕

អត្ថបទ៖ លីនី