វៀតណាម ត្រៀម​បើកកោះ Phu Quoc ទទួលភ្ញៀវទេសចរបរទេសឡើងវិញ ក្នុងពេលខាងមុខនេះ
ទេសចរណ៍ July 19, 2021 Khmernote

កោះ Phu Quoc នៅក្នុងខេត្ត Kien Giang ប្រទេសវៀតណាមរំពឹងថា នឹងបើកទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសឡើងវិញ​នៅតុលាខាងមុខនេះ ប៉ុន្តែសម្រាប់ភ្ញៀវដែលមានលិខិតឆ្លងដែនវ៉ាក់សាំងតែប៉ុណ្ណោះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានស្នើឱ្យបើកកោះ Phu Quoc ដល់ភ្ញៀវទេសចរអន្តរជាតិដោយមានលិខិតឆ្លងដែនវ៉ាក់សាំង បន្ទាប់ពីទទួលបានការពិគ្រោះយោបល់ពីក្រសួងសុខាភិបាលសន្តិសុខសាធារណៈ ក្រសួងកិច្ចការបរទេស ក្រសួងការពារជាតិ ក្រសួងដឹកជញ្ជូន និងក្រសួងព័ត៌មាននិងគមនាគមន៍។

ប្រភពដដែលបានឱ្យដឹងថា ក្នុងដំណាក់កាលដំបូងនៃការបើកសាកល្បងដែលនឹងមានរយៈពេល ៣ ខែ កោះ Phu Quoc នឹងទទួលភ្ញៀវទេសចរពី ២,០០០ ទៅ ៣,០០០ នាក់ក្នុងមួយខែ តាមរយៈជើងហោះហើរឯកជន ឬ អ្នកទេសចរដែលមានប្រើយន្តហោះផ្ទាល់ខ្លួន ក្នុងចំនួនទីតាំងដែលបានកំណត់។ ជាមួយគ្នានេះ ដំណាក់កាលទី ២ ដែលមានរយៈពេល ៣ ខែដូចគ្នា នឹងទទួលភ្ញៀវពី ៥,០០០ ទៅ ១០០០០ នាក់ក្នុងមួយខែ។ អ្នកដំណើរនឹងត្រូវបានជ្រើសរើសតាមរយៈជើងហោះហើរពាណិជ្ជកម្ម និងអ្នកដែលធ្លាប់មកកម្សាន្តនៅកោះ Phu Quoc។

ដោយឡែ​កសម្រាប់ភ្ញៀវអន្តរជាតិ ដែលចង់ទៅលេងកោះនេះ ត្រូវតែបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ ដែលត្រូវបានទទួលស្គាល់ដោយអាជ្ញាធរវៀតណាម។ ហើយការចាក់សម្រាប់ដូសទី២ ត្រូវតែចាក់ឱ្យបានយ៉ាងហោចណាស់ ១៤ ថ្ងៃ និងមិនលើសពី ១២ ខែគិតចាប់ពីពេលចូលទៅកម្សាន្ត។

ទន្ទឹមនឹងនេះ អ្នកទេសចរដែលធ្លាប់ឆ្លងជំងឺកូវីដ-១៩​ ក៏អាចចូលទៅកម្សាន្តនៅកោះនោះបានផងដែរ ប៉ុន្តែត្រូវមានលិខិតបង្ហាញពីការព្យាបាលជាសះស្បើយមិនលើសពី ១២ខែ​។ គួរបញ្ជាក់ផងដែរថា អ្នកទេសចរទាំងអស់មុនពេលចូលទៅប្រទេសវៀតណាមត្រូវតែធ្វើតេស្តវីរុសកូវីដ-១៩ តាមរយៈ PCR និងមានលទ្ធផល អវិជ្ជមាន ហើយអ្នកទេសចរអាចចូលទៅកាន់កោះ Phu Quoc បានតែតាមផ្លូវអាកាសតែប៉ុណ្ណោះ ដោយពួកគេនឹងត្រូវយកទៅកន្លែងស្នាក់នៅ និងកន្លែងកម្សាន្តដែលបានកំណត់ទុក៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus