ធ្លាប់តែលឺបង់រំលស់ផ្ទះ ឡាន ឬ ម៉ូតូ ពេលនេះអាជ្ញាធរអគ្គិសនីថៃ សម្រេចឱ្យប្រជាជនដែលរងទុក្ខលំបាកដោយសារកូវីដ អាចបង់រំលស់ថ្លៃទូទាត់ភ្លើងដែលបានប្រើ
សេដ្ឋកិច្ច July 13, 2021 Khmernote

ដើម្បីជួយកាត់បន្ថយការលំបាករបស់ប្រជាជនដែលរងផលប៉ះពាល់ដោយសារវីរុសកូវីដ​-១៩ អាជ្ញាធរអគ្គិសនីថៃ អនុញ្ញាត​ឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងលក្ខណៈគ្រួសារ និងអាជីវកម្មខ្នាតតូច អាចទូទាត់ថ្លៃភ្លើងដោយបង់រំលស់បាន។ ការអនុញ្ញាតនេះ គឺសម្រាប់តែគ្រួសារ ឬ អាជីវកម្មរងផលបះពាល់ ដែលមានវិក្កយបត្រអគ្គិសនីហួសកាលកំណត់រយៈពេលជាងមួយខែតែប៉ុណ្ណោះ ដោយអាចស្នើសុំទៅអាជ្ញាធរអគ្គិសនីខេត្ត (PEA)ប្រចាំតំបន់របស់ពួកគេ។

អាជ្ញាធរអគ្គិសនីខេត្ត (PEA) បាននិយាយថា ចាប់ផ្តើមនៅថ្ងៃទី ១៦ ខែសីហា ប្រជាជនអាចបង់ថ្លៃអគ្គិសនីរំលស់ក្នុងរយៈពេលប៉ុន្មានខែក៏បាន តាមរយៈ PEA Smart Plus ឬសេវានៅហាង 7-Eleven ។ ប៉ុន្តែអ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទតម្រូវឱ្យ ដាក់ពាក្យស្នើសុំបង់រំលស់នៅការិយាល័យអគ្គិសនីមូលដ្ឋានដោយរៀបចំឯកសារមួយចំនួន។

គួរបញ្ជាក់ផងដែរថា វីរុសកូវីដ-១៩ មិនត្រឹមតែឆ្លង និងឆក់យកជិវីតប្រជាជនថៃនោះទេ តែក៏ធ្វើឱ្យប្រជាជនធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុកាន់តែច្រើនឡើងៗ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ច អាជីវកម្ម ក៏ដូចជាការបាត់បង់ការងារ ប្រាក់ចំណូលក្នុងការទ្រទ្រង់ជីវភាពប្រចាំថ្ងៃ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand