រដ្ឋាបាលភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ ១លានដូសដល់កម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាមុននេះបន្តិច ស្ដីពីសាររបស់ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សម្រាប់ការផ្ដល់ជំនួយវ៉ាក់សាំង។
តាមសាររបស់ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានបង្ហាញថា ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។ ឯកឧត្តមសង្ឃឹមថា ជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា។
សូមជម្រាបផងដែរថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយស្មើនឹងសរុបប្រមាណច្រើនជាង ៥០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។ ជប៉ុនក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល៕


អត្ថបទ៖ លីនី


