ដំណឹងល្អ! រាជរដ្ឋាភិបាល ​នឹង​ចាប់ផ្តើម​បើក​​សាច់ប្រាក់​ឧបត្ថម្ភ ក្រោម​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ពេល​បិទ​ខ្ទប់ ក្នុង​ដំណាក់កាល​ទី​ ២
សេដ្ឋកិច្ច July 9, 2021 Khmernote

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី ការ​ចាប់ផ្តើម​បើក​ផ្តល់​សាច់ប្រាក់​ឧបត្ថម្ភ ក្នុង​ដំណាក់កាល​ទី​២ ក្រោម «កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ពេល​បិទ​ខ្ទប់ សម្រាប់​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​មានការ​លំបាក​ផ្នែក​ជីវភាព​ ,ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ និង​មានការ​លំបាក​ផ្នែក​ជីវភាព និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១» សម្រាប់​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ។

ក្រោម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម មាន​កិត្តិយស សូម​ជូនដំណឹង​ដល់​សាធារណជន ជា​ពិសេស​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​គោលដៅ​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ ឱ្យ​បាន​ជ្រាប​ថា ​៖ រាជរដ្ឋាភិបាល​នឹង​ចាប់ផ្តើម​បើក​ផ្តល់​សាច់ប្រាក់​ឧបត្ថម្ភ ក្រោម​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ពេល​បិទ​ខ្ទប់ ក្នុង​ដំណាក់កាល​ទី​ ២ ជូន​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​គោលដៅ ចាប់ពី​ថ្ងៃ​ទី​ ១៣ ខែកក្កដា ឆ្នាំ ​២០២១ នេះ​តទៅ ។

អាស្រ័យ​ហេតុនេះ សូម​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​មានការ​លំបាក​ផ្នែក​ជីវភាព នៅ​ក្នុង​តំបន់​ក្រោម​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៃ​រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ និង​ក្រុងព្រះសីហនុ និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ និង​មានការ​លំបាក​ផ្នែក​ជីវភាព ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅ​ទូ​ទាំង​ប្រទេស ដែល​ទទួល​បានការ​សម្ភាស និង​ការ​បញ្ជាក់​ពី​អាជ្ញាធរ ក្នុង​ដំណាក់កាល​ទី​ ២ អញ្ជើញ​ទៅ​បើក​សាច់ប្រាក់​នៅ​បញ្ជរ​វី​ង​ណាមួយ​ដែល​នៅ​ជិត​ផ្ទះ ឬ​ប្រើប្រាស់​អ៊ែ​ប (App) របស់​ធនាគារ​វី​ង ក្នុង​ទូរ​សព្ទ និង​សូម​អនុវត្ត​វិធានការ​សុខាភិបាល ៣កុំ ៣ការពារ ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ​។

ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ក្រោយ​ការ​បិទ​ខ្ទប់​នេះ គូស​រំលេច​ឱ្យ​ឃើញ​ជា​ថ្មី​ម្តងទៀត នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ ក្នុង​ការ​ជួយ​កាត់​បន្ថយ​ការ​លំបាក​ផ្នែក​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ ដោយ​មិន​ឱ្យ​ពលរដ្ឋ​ស្លាប់​ដោយ​អត់បាយ និង​ដោយ​គ្មាន​ការ​យកចិត្តទុកដាក់​នោះ​ទេ ​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នេះ សូម​ទំនាក់ទំនង ឃុំ សង្កាត់ ដែល​នៅ​ជិត​ផ្ទះ​បងប្អូន ឬ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា តាម​រយៈ​ទូរ​សព្ទ​លេខ ០១៥ ២១៩ ៨៨៨ ៕