ដំណឹងល្អ! ក្រសួងកសិកម្ម បានចុះកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុនជប៉ុន Yamato Green Co.Ltd និងសម្ព័ន្ធសហគមន៍ កសិកម្មកម្ពុជា (CACA)
សេដ្ឋកិច្ច July 9, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះកិច្ចព្រមព្រៀងស្តីពី “ភាពជាដៃគូលើការ អភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃផលិតកម្ម បន្លែ” ជាមួយក្រុមហ៊ុន Yamato Green Co.Ltd និងសម្ព័ន្ធសហគមន៍ កសិកម្មកម្ពុជា (CACA) ដើម្បីជំរុញការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃបន្លែសុវត្ថិភាព ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានថ្លែងថា ការចុះកិច្ចព្រមព្រៀង ស្តីពី “ភាពជាដៃគូលើការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃផលិតកម្ម បន្លែ”នេះនឹងជួយបំពេញនូវ អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងភាគីទាំងពីរ ក្នុងការកសាងភាពជាដៃគូអភិវឌ្ឍខ្សែសង្វាក់ តម្លៃផលិតកម្មបន្លែ ប្រកបដោយចីរភាព និរន្តរភាព វិបុលភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ និងនវានុវត្តន៍ និងពិតជានឹងចូលរួមចំណែក អនុវត្តផែនការយុទ្ធសាស្រ្តរបស់ក្រសួង ក្នុងការជំរុញផលិតភាព និងពិពិធកម្មដំណាំបន្លែសុវត្ថិភាពឱ្យកាន់តែល្អប្រសើរ។ មិនតែប៉ុណ្ណោះឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់ (MOU) នេះ ពិតជាចូលរួមលើកកម្ពស់ ខ្សែសង្វាក់ផលិតកម្មកសិកម្ម ការកែច្នៃ តម្លៃបន្ថែម និងទីផ្សារក្នុងនិងក្រៅប្រទេស បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូល ។

ឯកឧត្តម KARIMATA ATSUHI ឧបទូតនៃស្ថានទូតជប៉ុនបានថ្លែងដោយសង្កត់ធ្ងន់ អំពីសក្តានុពល វិស័យកសិកម្មកម្ពុជា លក្ខខណ្ឌអំណោយផល បញ្ហាប្រឈម ខ្សែសង្វាក់តម្លៃបន្ថែមបន្លែ និងម្ហូបអាហារ ទីផ្សារ ឱកាសការងារ ប្រាក់ចំណូល ការផ្សព្វផ្សាយ និងការបណ្តុះបណ្តាល បច្ចេកវិទ្យាកសិកម្មជប៉ុនសមស្រប ។

ឯកឧត្តមបានបញ្ជាក់ថា កត្តាទាំងអស់នេះ ឯកឧត្តម សង្ឃឹមនិងជឿជាក់ថា តាមរយ:ខ្លឹមសារ MOU ភាគីទាំងពីរ នឹងយកទៅអនុវត្តប្រកបដោយ បរិយាកាសសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណា បង្កើនប្រសិទ្ធភាពក្នុងភាពជាដៃគូលើការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃផលិតកម្មបន្លែនៅកម្ពុជាឲ្យទទួលបានជោគជ័យ និងជាពិសេសផ្តល់ប្រយោជន៍ដោយត្រង់ដល់ប្រជាកសិករ អ្នកផលិត សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជានិងក្រុមហ៊ុន ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Yamato Green Co., Ltd កំពុងចូលរួមអភិវឌ្ឍវិស័យដំណាំបន្លែ តាមរយៈ ការដាំបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ដោយប្រើប្រាស់បច្ចេកទេសកសិកម្មទំនើបរបស់ជប៉ុន ។ ដោយឡែក សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ត្រូវបានបង្កើតនិងចុះបញ្ជីផ្លូវការនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ៕

ប្រភព៖ ក្រសួងព័ត៌មាន