យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា អាជ្ញាធរថៃគ្រោងយកចំណតថ្មី (terminal) នៃអាកាសយានដ្ឋានដ៏ធំរបស់ខ្លួន ធ្វើជាមន្ទីរពេទ្យសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ ដោយសារការកើនឡើងនៃការឆ្លង។ អាកាសយានដ្ឋានថៃ Plc ដែល ប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ ត្រូវបានស្នើសុំឱ្យផ្លាស់ប្ដូរចំណត ដែលទើបតែសាងសង់ថ្មី ទៅជាកន្លែងសម្រាប់អ្នកជំងឺកូវីដ បន្ទប់ពេទ្យ និងជាកន្លែងថែទាំ និងព្យាបាលអ្នកជំងឺដែលមានរោគសញ្ញាស្រាលនិងមធ្យម ដោយដំណាក់កាលដំបូងនឹងត្រូវរៀបចំគ្រែសម្រាប់អ្នកជំងឺយ៉ាងតិច ៥០០០គ្រែ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកាលពីល្ងាចថ្ងៃអង្គារ។
លោក Kumnuan Ungchusak អ្នកជំនាញផ្នែករោគរាតត្បាតនិងជាទីប្រឹក្សាក្រសួងសុខាភិបាលបាននិយាយនៅក្នុងសិក្ខាសាលាមួយកាលពីសប្តាហ៍មុនថា អគារសុខាភិបាលពេញអស់ហើយ ខណៈការស្លាប់អាចកើនឡើងទ្វេដងនៅខែសីហាប្រសិនបើការផ្ទុះនេះមិនអន់ថយ ដោយករណីភាគច្រើនបានឆ្លងពីទីក្រុងបាងកក ដែលនៅតែបន្តរាយការណ៍អំពីការឆ្លង និងការស្លាប់ច្រើនបំផុតក្នុងមួយថ្ងៃៗ។
ជាមួយគ្នានេះលោកស្រី Apisamai Srirangsan អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានការណ៍កូវីដ-១៩ បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា កាលរីករាលដាលនៃវីរុសបំលែងថ្មី Delta ត្រូវបានរំពឹងថានឹងរាលដាលដល់ខេត្តនានា ហើយចំនួនករណីប្រចាំថ្ងៃអាចកើនឡើងដល់ ១ ម៉ឺននាក់ចាប់ពីសប្តាហ៍ក្រោយ។
គួរបញ្ជាក់ផងដែរថា ការឆ្លង និងការស្លា.ប់ប្រចាំថ្ងៃរបស់ថៃបានបង្កើតកំណត់ត្រាថ្មីក្នុងខែនេះ ដោយការឆ្លងកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារការរីករាលដាលនៃវីរុសបំលែងថ្មី Delta ដែលរាលដាលកាន់តែខ្លាំង។ ប្រហែល ៩០ ភាគរយនៃករណីចំនួន ៣០១,១៧២ របស់ប្រទេសនេះ បានកើតឡើងចាប់តាំងពីខែមេសា ដោយមាន ៦,៥១៩ បានរាយការណ៍កាលពីថ្ងៃពុធ៕




អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


