យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សមាគមកសិកម្មឈ្លាសវៃ បានកែច្នៃបង្កើតឧបករណ៍ដាំគ្រាប់ស្រូវជាជួរចំនួន ៣ប្រភេទ ជួយសម្រាលកម្លាំងពលកម្មរបស់ប្រជាកសិករ និងកាត់បន្ថយការចំណាយ។ លោក សាន ប៊ុនីកា ប្រធានសមាគមកសិកម្មឈ្លាសវៃ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ដោយទទួលបានការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមកសិកម្មឈ្លាសវៃបានកែច្នៃបង្កើតឧបករណ៍ដាំគ្រាប់ស្រូវជាជួរចំនួន ៣ប្រភេទ ដែលជាកម្មសិទ្ធិបញ្ញារបស់កូនខ្មែរ គឺអង្គរ អង្គរតូច និងអង្គរធំ។ ឧបករណ៍អង្គរគឺជាប្រភេទរទេះ អូសពីក្រោយគោយន្តទូទៅ , ឧបករណ៍អង្គរតូច គឺប្រើប្រាស់សម្រាប់គោយន្តបត់បែនលឿន និងឧបករណ៍អង្គរធំ គឺប្រើប្រាស់ជាមួយត្រាក់ទ័រ សម្រាប់បំពេញតម្រូវការរបស់កសិករ ក្នុងការសាបព្រោះគ្រាប់ជាជួរ ជំនួសកំលាំងពលកម្មមនុស្ស, បង្កើនល្បឿននៃការដាំដុះ, កាត់បន្ថយបរិមាណគ្រាប់ពូជ, ធ្វើឱ្យដំណាំលូតលាស់ល្អ ជាពិសេសទទួលបានទិន្នផលខ្ពស់ ។
លោកបានបន្តថា ឧបករណ៍ដាំគ្រាប់ស្រូវជាជួរនេះ ប្រើ ប្រាស់ជាមធ្យមរយ:ពេល១ ម៉ោងក្នុង១ហិកតា ដែលត្រូវ ការកម្លាំងមនុស្សពី១នាក់ទៅ ២នាក់ប៉ុណ្ណោះ ហើយអាចភ្ជាប់ជាមួយគោយន្ត ឬត្រាក់ ទ័រ ទៅតាមទំហំដី ដែលបានចូលរួមចំណែកកាត់បន្ថយកម្លាំងមនុស្ស គ្រាប់ពូជ និងជី ខណៈឧបករណ៍នេះ អាចប្រើ ប្រាស់សម្រាប់បាចជីនិងគ្រាប់ដំណាំមួយចំនួនបានផងដែរ។
«ខ្ញុំបានចាប់ផ្ដើមផលិតឧបករណ៍នេះច្នៃឧបករណ៍នេះ ឱ្យទៅជាឧបករណ៍មួយបម្រើសម្រាប់ប្រជាពលរដ្ឋខ្មែរយើង ដែលឧបករណ៍នេះជួយដល់កសិករជាច្រើន ជួយដល់វិស័យផ្សេងៗទៀត ដូចជាពាក់ព័ន្ធទៅនឹងការដាំដុះ ការប្រើប្រាស់ជី កាត់បន្ថយនូវគ្រាប់ពូជនិងកាត់បន្ថយជីក្នុងការប្រើប្រាស់ ដែលឧបករណ៍នេះយើងអាចប្រើសម្រាប់ព្រោះស្រូវជាជួរ អាចដាំពោត អាចដាំជាសណ្ដែកបាយ ហើយយើងអាចប្រើសម្រាប់បាចជីទៅលើស្រែជាដើម » ។
លោកបានបន្ថែមទៀតថា អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត កំពុងសហការជាមួយសមាគមកសិកម្មឈ្លាសវៃ ក្នុងការផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ឧបករណ៍នេះ ឱ្យបានកាន់តែទូលំទូលាយថែមទៀត ខណៈដែលកាលពីពេលកន្លងទៅ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានផ្តល់ឧបករណ៍នេះ ជូនដល់ប្រជា កសិករ និងសហគមន៍កសិកម្មក្នុងខេត្តមួយចំនួន ដើម្បីជំរុញល្បឿនស្តារដំណាំ ស្រូវឡើងវិញបន្ទាប់ពីជំនន់ទឹកភ្លៀង ។
សូមបញ្ជាក់ថា សមាគមកសិកម្មឈ្លាសវៃ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្កើតឡើងនៅ ក្នុងឆ្នាំ២០១៥ តាមរយៈការគាំទ្រថវិកាដោយ Brooklyn Bridge to Cambodia (BB2C)និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា−អូស្ត្រាលីហៅកាត់ថា CAVAC ៕



ប្រភព៖ ក្រសួងព័ត៌មាន


