យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា ការកើនឡើងនៃតម្លៃប្រេងឆៅ កំពុងជំរុញឱ្យតម្លៃប្រេងសាំងនៅប្រទេសជប៉ុនឡើងខ្ពស់ចាប់តាំងពីចុងឆ្នាំ២០១៨ ដែលគិតមកទល់ពេលនេះ អ្នកបើកបរជប៉ុនកំពុងចំណាយច្រើនបំផុតក្នុងរយៈពេលពីរឆ្នាំនិង ៨ ខែមកហើយ។
មជ្ឈមណ្ឌលព័ត៌មានប្រេង បាននិយាយថា តម្លៃលក់រាយជាមធ្យមនៅទូទាំងប្រទេសសម្រាប់ប្រេងសាំងធម្មតាឡើងដល់ ១៥៧.៥ យ៉េនក្នុងមួយលីត្រ កាលពីថ្ងៃច័ន្ទ ឬ ប្រហែលមួយដុល្លារនិង ៤០ សេន។ ដែលនោះ គឺកើនឡើង ១.២ យ៉េន ធៀបនឹងសប្តាហ៍មុន និងជាសប្តាហ៍ទី ៥ នៃការកើនឡើង។
ប្រភពដដែលបានឱ្យដឹងទៀតថា តម្លៃប្រេងឆៅបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារការកាត់បន្ថយទិន្នផលដែលសម្របសម្រួលដោយអ្នកផលិតធំៗ និងការបន្តបិទសេដ្ឋកិច្ចដោយសារជំងឺរាតត្បាត។ ជាមួយគ្នានេះ នៅទីក្រុងញូវយ៉កប្រេងឆៅនាពេលអនាគតរបស់សហរដ្ឋអាមេរិកបានកើនឡើងដល់កំរិតខ្ពស់ក្នុងរយៈពេលជាង ៦ឆ្នាំកន្លះ កាលពីថ្ងៃអង្គារ បន្ទាប់ពីអ្នកផលិតធំៗ មិនបានរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាពីការកើនឡើងនៃទិន្នផល ហើយមជ្ឈមណ្ឌលនិយាយថា ភាពមិនប្រាកដប្រជាជុំវិញការចរចារវាងអ្នកផលិតប្រេងធំៗ ធ្វើឱ្យពិបាកប៉ាន់ស្មានតម្លៃប្រេងសាំងនៅជប៉ុន៕

អត្ថបទ៖ លីនី
ប្រភព៖ nhk


