អង់គ្លេស ត្រៀមខ្លួនរស់នៅជាមួយវីរុសកូវីដ ហើយដកការរឹតត្បិតស្ទើរតែទាំងអស់រួមទាំងការពាក់ម៉ាស និងរក្សាគម្លាត
សេដ្ឋកិច្ច July 7, 2021 Khmernote

លោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson កាលពីថ្ងៃ​ច័ន្ទ កន្លងទៅនេះ បានប្រកាសថា ប្រទេសអង់គ្លេសនឹងបញ្ចប់រាល់វិធានការរឹតត្បិត ដើម្បីទប់ស្កាត់វីរុសកូវីដ-១៩ ទាំងអស់ ដោយប្រាប់ប្រជាជនថា ក្នុងរយៈពេល ២សប្ដាហ៍ទៀត វាអាស្រ័យលើប្រជាជន ថាតើ គួរបញ្ឈប់ការពាក់ម៉ាស ឬ រក្សាគម្លាតសង្គម ដែរ ឬអត់?

នៅក្នុងសន្និសីទកាសែតមួយ លោកនាយករដ្ឋមន្រ្តីអង់គ្លេស បាននិយាយថា ប្រទេសបានត្រៀមខ្លួនរួចជាស្រេចដើម្បីឈានទៅរកការបិទវិធានការរឹតត្បិត និងការបិទទ្វារប្រទេសដ៏យូរបំផុតមួយនៅលើពិភពលោក ដោយងាកចេញពីយុទ្ធសាស្ត្រសុខភាពសាធារណៈដែលពឹងផ្អែកលើ “government legal diktat” មកផ្អែកលើ “ ការទទួលខុសត្រូវផ្ទាល់ខ្លួន” វិញម្ដង។

លោកបញ្ជាក់ថា ជំងឺរាតត្បាតមិនចប់នោះទេ ប៉ុន្តែដល់ពេលហើយដែលការរឹតត្បិតនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយសារតែការចាក់វ៉ាក់សាំង និងប្រសិទ្ធភាពនៃវ៉ាក់សាំងដែលកំពុងការពារប្រជាជនពីការឆ្លង និងអាការៈធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។ យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តី រំពឹងថា អង់គ្លេសនឹងនឹងបើកដំណើរការឡើងវិញនៅថ្ងៃទី ១៩ ខែកក្កដា ដែលត្រូវបានហៅថា “ទិវាសេរីភាព” ប្រសិនបើនិន្នាការបច្ចុប្បន្នត្រូវបានគាំទ្រ ហើយប្រជាជនធ្វើតាមការស្នើសុំរបស់ខ្លួន។

នៅពេលនោះ ក្លឹបរាត្រី សារមន្ទីរ សាលប្រគុំតន្ត្រី ល្ខោន និងសង្វៀនកីឡាទាំងអស់ ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោយមិនកំណត់ ចំនួនមនុស្ស ឬរក្សាគម្លាតសង្គម។ ជាមួយគ្នានេះ បន្ទាប់ពីបើកម្តងទៀតរដ្ឋាភិបាលនឹងលែងបង្ខំប្រជាជនឱ្យធ្វើការពីផ្ទះ ប្រសិនបើពួកគេអាចធ្វើបាន ហើយអតិថិជននឹងមិនត្រូវបានគេតម្រូវឱ្យ «ចុះឈ្មោះ» នៅតាមហាងស្រា និងភោជនីយដ្ឋាន ឬ ប្រើកម្មវិធីធ្វើតេស្ត និងតាមដានរបស់រដ្ឋាភិបាលទេ។

ចំណែក ការពាក់ម៉ាសវិញ ប្រសិនបើប្រជាជនចង់ជួបជុំមនុស្សច្រើន ឬ ស្ថិតក្នុងចំណោមមនុស្សអ៊ូរអរ វាអាស្រ័យលើការសម្រេចចិត្តរបស់ពួកគេប៉ុណ្ណោះ ថាគួរពាក់ម៉ាស ឬអត់។ ជាមួយគ្នានោះដែរ បើទោះបីឡានក្រុង រថភ្លើងក្រោមដី និងតាក់ស៊ី មួយចំនួនអាចស្នើសុំឱ្យអ្នកជិះពាក់ម៉ាស់ក៏ដោយ ក៏រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងមិនអនុវត្តវិធានការនេះដោយស្របច្បាប់នោះទេ។

អ្នកផ្តល់យោបល់ផ្នែកវិទ្យាសាស្ត្របាននិយាយថា បន្ទាប់ពីថ្ងៃទី ១៩ ខែកក្កដា រដ្ឋាភិបាល ចាត់ទុកការព្យាបាលជំងឺកូវីដ-១៩ ដូចទៅនឹងជំងឺផ្តាសាយតាមរដូវ ដោយមានករណីលើកលែងមួយចំនួន។ ហើយរដ្ឋាភិបាលនឹងនៅតែមានការអនុញ្ញាតស្របច្បាប់ថា អ្នកទាំងឡាយណាដែលធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះ ត្រូវតែនៅដាច់ដោយឡែកពីគេដដែល ខណៈច្បាប់ថ្មីទាក់ទងនឹងការធ្វើដំណើរអន្តរជាតិ និងសាលារៀនត្រូវបានរំពឹងថានឹងចេញនៅចុងសប្តាហ៍នេះ។

លោក Boris Johnson បានទទួលស្គាល់ថា ការឆ្លងនឹងទំនងជាកើនឡើងនៅពេលដែលវិធានការរឹតត្បិតត្រូវបានបន្ធូរបន្ថយ ប៉ុន្តែរដ្ឋាភិបាលសង្ឃឹមថា ចំនួនអ្នកឆ្លងនិងការស្លាប់ នឹងត្រូវបានកំណត់ដោយយុទ្ធនាការចាក់វ៉ាក់សាំងដែលកំពុងបន្ត ដែលនេះជាជោគជ័យមួយរបស់អង់គ្លេស ក្នុងចំណោមប្រទេសនៅលើពិភពលោក។ គួរបញ្ជាក់ផងដែរថា ប្រជាជនប្រហែល ៤៥ លាននាក់បានចាក់វ៉ាក់សាំងដូសទី១ នៅចក្រភពអង់គ្លេស ក្នុងនោះប្រហែល ៨៥% នៃចំនួនប្រជាជនពេញវ័យ – ហើយមនុស្ស ៣៣ លាននាក់ផ្សេងទៀតបានចាក់វ៉ាក់សាំងដូសទី ២ រួចរាល់។

យ៉ាងណាមិញលោកនាយករដ្ឋមន្រ្តីអង់គ្លេស បានអះអាងជាថ្មីម្តងទៀតថា សាធារណជនត្រូវតែ “រៀនរស់នៅជាមួយវីរុស” ដោយបង្កើតបានជាសំណួរសួរថា តើប្រជាជនបានធ្វើអ្វីខ្លះអស់រយៈពេល ១៦ខែកន្លងមកនេះ នៅពេលមានការបិទប្រទេសចំនួន ៣ដង និងការស្លាប់ចំនួន ១២៨,០០០ នាក់៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand