អាសន្នធំ! បំណុលគ្រួសារនៅប្រទេសថៃហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ១៨ឆ្នាំ ខណៈអ្នកវិភាគកំពុងព្រួយបារម្ភអំពីប្រាក់ចំណូល និងការងារ
សេដ្ឋកិច្ច July 5, 2021 Khmernote

បំណុលគ្រួសារនៅប្រទេសថៃ បា​នកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៨ឆ្នាំមកនេះ បន្ទាប់ពីបានកើនឡើងដល់ ៩០.៥% នៃផលិតផលក្នុងស្រុកសរុបនៅត្រីមាសទីមួយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន bangkokpost។ មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) បានរាយការណ៍ថា បំណុលគ្រួសារមិនទាន់សងរបស់ប្រជាជនថៃបានកើនឡើងដល់ ១៤.១៣ ទ្រីលានបាតក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២១ ឬ ៩០.៥% នៃផលិតផលក្នុងស្រុកសរុប ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៨ ឆ្នាំនេះបើយោងតាមទិន្នន័យរបស់ធនាគារថៃ។

ការផ្ទុះឡើង នៃវីរុសកូវីដ-១៩ ដែលអូសបន្លាយក្នុងឆ្នាំនេះ បាននាំឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ច និងបំណុលគ្រួសារកាន់តែកើនឡើង។ ជាលទ្ធផល K-Research បានផ្លាស់ប្តូរការព្យាករណ៍បំណុលគ្រួសារនៅប្រទេសថៃក្នុងឆ្នាំ២០២២ ដល់កម្រិត ៩០-៩២% នៃផលិតផលក្នុងស្រុកសរុបពី ៨៩-៩១% កាលពីមុន។

ជាក់ស្ដែងនៅត្រីមាសទី១​ នៃឆ្នាំនេះ បំណុលគ្រួសារកើនឡើង ៨៨.១ ពាន់លានបាតប្រៀបធៀបទៅនឹងត្រីមាសមុនៗដោយផ្អែកលើមូលដ្ឋានប្រាក់កម្ចី ៣ ប្រភេទគឺ ប្រាក់កម្ចីមានទ្រព្យបញ្ចាំ កម្ចីប្រាក់កម្ចីមុខរបរ និងប្រាក់កម្ចីសម្រាប់តម្រូវការប្រចាំថ្ងៃរួមទាំងអាហារ។ ហើយក្នុងត្រីមាសទី១ ឆ្នាំនេះប្រាក់កម្ចីមានទ្រព្យបញ្ចាំបានកើនឡើង ៥.៥៣ ពាន់លានបាត បើធៀបនឹងត្រីមាសមុនស្របតាមយុទ្ធនាការទីផ្សាររបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ។

សម្រាប់ប្រាក់កម្ចីមុខរបរ បំណុលមិនទាន់សងបានកើនឡើងចំនួន ៤.០១ ពាន់លានបាតក្នុងត្រីមាសទី១ ឆ្នាំនេះបើប្រៀបធៀបនឹងត្រីមាសមុន។ អ្នកខ្ចីត្រូវការប្រាក់សម្រាប់លំហូរសាច់ប្រាក់ ដើម្បីរស់ក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ។ ជាមួយគ្នានេះបំណុលដែលមិនទាន់សងសម្រាប់ប្រាក់កម្ចីតម្រូវការប្រចាំបានកើនឡើងចំនួន ៣.៣៥ ពាន់លានបាតក្នុងត្រីមាសទី១ ឆ្នាំនេះ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ ផ្នែកនេះប្រឈមនឹងវិបត្តិសាច់ប្រាក់ងាយស្រួល ដោយសារតែមានប្រាក់ចំណូលទាបក្នុងពេលមានជំងឺរាតត្បាត និងត្រូវការថវិកាសម្រាប់ចំណាយប្រចាំថ្ងៃ។ សូមបញ្ជាក់ផងដែរថា ការស្ទង់មតិរបស់ K-Research បានរកឃើញថា ការផ្ទុះឡើងដ៏អូសបន្លាយនៅឆមាសទី ២ នៃឆ្នាំ២០២១ កំពុងបង្កើនការព្រួយបារម្ភអំពីប្រាក់ចំណូលនិងការងារ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost