ខេត្តមណ្ឌលគិរី នឹងក្លាយជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្ត​ដ៏សំខាន់ ក្នុងការផ្គត់ផ្គង់ដំណាំកសិកម្ម ៣ប្រភេទនេះ
ទេសចរណ៍ July 5, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ខេត្តមណ្ឌលគិរី នឹងក្លាយជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ បន្ទាប់ពីគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍បានគាំទ្រ សេចក្ដីព្រាងសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)។

ក្រសួងបានបន្តឱ្យដឹងថា ផែនការមេនេះនឹងប្រែក្លាយខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ ជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើស្រស់ សម្រាប់តម្រូវការក្នុងស្រុក និងនាំចេញ និងជាខេត្តមានការគិតគូរច្បាស់លាស់នូវទស្សនទាន «ការអភិរក្សដើម្បីការអភិវឌ្ឍ ហើយការអភិវឌ្ឍទ្រទ្រង់ដល់ការអភិរក្ស »។

ជាមួយគ្នានេះដែរនៅឆ្នាំ២០៣០ ខេត្តមណ្ឌលគិរីរំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦០ម៉ឺននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ ២លាននាក់ ដោយបង្កើតការងារប្រមាណ ៨ ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០ លានដុល្លារ និងដោយប្រយោលប្រមាណ ១,០០០ លានដុល្លារ។ លើសពីនេះ ផែនការមេនេះក៏​រួមចំណែកធ្វើឲ្យភូមិភាគឦសានដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរីជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់៕

ប្រភព៖ ក្រសួងព័ត៌មាន