គិតត្រឹមថ្ងៃទី៤ ខែកក្កដា ឧបករណ៍ធ្វើតេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ជិត ៤៦,៦៧៥ ត្រូវបានលក់ជូន ២១០ ក្រុមហ៊ុន-ស្ថាប័ន
សេដ្ឋកិច្ច July 5, 2021 Khmernote

យោងតាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃអាទិត្យទី៤ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានលក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ចំនួន ៤៦,៦៧៥ ជូន ២១០ ក្រុមហ៊ុន-ស្ថាប័ន។ ក្រសួងបានបន្តថា ក្នុងចំណោមសំណើទិញទាំង ៧៤៥ គិតជាបរិមាណបញ្ជាទិញឧករណ៍សរុបមាន ២៦២,៧៧៥ ក្រសួងបានផ្ដល់អាទិភាព ដល់ទីតាំងដែលមានបុគ្គលិកច្រើន និងកំពុងប្រឈមហានិភ័យ ឬមានការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះក្រសួងក៏បានបញ្ជាក់ថា ក្រសួងនឹងធ្វើការដោះស្រាយសំណើទិញផ្សេងទៀតស្របតាមអាទិភាពខាងលើ ជាបន្តបន្ទាប់ទៅតាមបរិមាណស្តុករបស់ឧបករណ៍ដែលនៅសល់និងនាំចូលបន្ថែម។ គួរបញ្ជាក់ផងដែរថា យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣.៧ ដុល្លារអាមេរិក ក្នុងមួយឧបករណ៍។ ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោលដៅយកទៅប្រើប្រាស់តែប៉ុណ្ណោះ ដោយមិនត្រូវយកទៅលក់បន្តឡើយ៕

អត្ថបទ៖ លីនី