ស្ពានឆ្លងកាត់ទន្លេបាសាក់ស្ថិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន ៩៧.២៥% ហើយ ដែលគិតរហូតមកទល់ពេលនេះ ក្នុងនោះ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ សម្រេចបាន ៩៥.១០% គ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង ៣៦៦ម៉ែត្រ សម្រេចបាន ៩៩.៤០% គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
បើតាមក្រសួងសាធារណការ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) មានប្រវែងសរុប ៥២.៩៨៣គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង ៤៧.៦០៨គីឡូ ម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក ទទឹង ២២ម៉ែត្រ (៤គន្លង) និងកម្រាស់ ២២សង់ទីម៉ែត្រ និងផ្លូវខ្នែងប្រវែង ៥.៣៧៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) ទទឹង១០ម៉ែត្រលើតួផ្លូវ ១២ម៉ែត្រ កម្រាស់បេតុងកៅស៊ូ ៩សង់ទីម៉ែត្រ កំណាត់ផ្លូវមេក្នុងទីប្រជុំជន ២.៨០គីឡូម៉ែត្រ មានទទឹង សរុប ២៧ម៉ែត្រ កំណាត់ផ្លូវមេក្រៅទីប្រជុំជន ៤៤.៨០គីឡូ ម៉ែត្រ មានទទឹងសរុប២៥ម៉ែត្រ ក្នុងនោះ ខ្សែផ្លូវកាត់ភូមិសាស្ត្ររាជធានី ១៥.៤២គីឡូម៉ែត្រ ខ្សែផ្លូវកាត់ភូមិសាស្ត្រខេត្តកណ្តាល ៣៧.៥៦គីឡូម៉ែត្រ (ផ្លូវមេ៣២.១៩គីឡូម៉ែត្រ និងផ្លូវខ្នែង៥.៣៧គីឡូម៉ែត្រ)។
ទន្ទឹមនេះ ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះតភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ដែលនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយបម្រើ ឱ្យជាផ្លូវដឹកជញ្ជូន រវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ (ស្ពានទន្លេបាសាក់ខាងកើត និងខាងលិចកំពុងសាងសង់) ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ពិសេសតភ្ជាប់ទៅចំណត ផែកុងតឺន័រថ្មីរបស់កំពងផែស្វ័យតភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឱ្យការតភ្ជាប់ផ្លូវ អាស៊ានហាយវ៉េ (AH1 និងAH11) និងផ្លូវរបៀបសំខាន់ៗ (របៀងកណ្តាល និង របៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។
បើតាមការបញ្ជាក់របស់មន្រ្ដីជំនាញបានឱ្យដឹងថា គម្រោងផ្លូវនេះចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ (PK:១៤+១០៥) ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបញ្ចប់នៅចំណុចផ្លូវជាតិលេខ១ (PK២៤+៨៤០) ស្ថិតក្នុងភូមិ ស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវមេ) និងផ្លូវជាតិលេខ១ (PK៣០+១៤០) ស្ថិត ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវខ្នែង)។ គម្រោងផ្លូវនេះមានស្ពានវែងប្រវែង៩៩៦ម៉ែត្រ ក្នុងនោះរួមមាន៖ ស្ពានបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ ទទឹង២៥ម៉ែត្រ កម្ពស់នាវាអាចចរាចរណ៍បាន ៤៥ម៉ែត្រ គុណ ៨ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង ៣៦៦ម៉ែត្រ និងទទឹង២៥ម៉ែត្រ កម្ពស់នាវាអាចចរាចរណ៍បាន ៣០ម៉ែត្រ គុណ ៥ម៉ែត្រ និងស្ពានមធ្យមនិង ខ្លីមានចំនួន៦កន្លែង ប្រវែងសរុប ៤៨៨ ម៉ែត្រ ក្នុងផ្លូវមេ ៣៥៨ម៉ែត្រ និងផ្លូវខ្នែង១៣០ម៉ែត្រ ស្ពានរំលងប្តូរ ទិសចំនួនពីរ (Interchange) ស្ថិតនៅផ្លូវជាតិលេខ២ ប្រវែងតួស្ពាន២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍ បាន៣០ គុណ ៥.៥ម៉ែត្រ និងស្ថិតនៅផ្លូវជាតិលេខ៣ប្រវែងតួស្ពាន២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន ៣០ គុណ ៥.៥ម៉ែត្រ និងមានស្ពានរំលង(Flyover)ចំនួនពីរគឺស្ថិតនៅផ្លូវជាតិលេខ៤ប្រវែងតួស្ពាន៣៤៤ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន ៣០ គុណ ៥.៥ ម៉ែត្រ និងស្ថិតនៅផ្លូវជាតិលេខ២១ ប្រវែងតួស្ពាន២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន ៣០ គុណ ៥.៥ ម៉ែត្រ។
ចំពោះគម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២៦៧.៦៧ លានដុល្លារអាម៉េរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អនុវត្តន៍ការសាងសង់ដោយក្រុមហ៊ុនសំណង់Shanghai Construction Group Co., Ltd និងតម្លៃត្រួតពិនិត្យគម្រោង ៥.៣៨ លានដុល្លារអាម៉េរិក ដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd និងចំណាយរយៈ ពេលសាងសង់ចំនួន៤២ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៨ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។
សូមជម្រាបជូនថា វឌ្ឍនភាពការងារដោយឡែកទាក់ទងនឹងការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ស្ថិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ សម្រេចបាន៩៧.២៥%ហើយ គិតរហូតមកទល់ពេលនេះ ក្នុងនោះ៖ ស្ពានឆ្លងកាត់ ទន្លេបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រសម្រេចបាន ៩៥.១០% គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង៣៦៦ ម៉ែត្រសម្រេចបាន៩៩.៤០% គ្រោងនឹងបញ្ចប់នៅ ខែកញ្ញា ឆ្នាំ២០២១។ សម្រាប់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះមានអត្ថប្រយោជន៍ ជួយដល់ការចូលរួមចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីបន្ថែមទៀត ខណៈពេលដែលរាជធានីភ្នំពេញ កំពុងត្រូវបានពង្រីកកាន់តែធំទៅៗ ស្របតាមកំណើនប្រជាជន និងការអភិវឌ្ឍ ដែលធ្វើឱ្យចរាចរណ៍យានយន្តគ្រប់ប្រភេទនៅតាមដងផ្លូវជួបប្រទះនូវការកកស្ទះចរាចរណ៍ជាញឹកញាប់៕





ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន


