បើទោះបីជាការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ននៅតែបន្ត និងកាន់តែធ្ងន់ធ្ងរទៅៗក៏ដោយ ក៏ប្រទេសថៃនៅតែកំពុងរៀបចំដើម្បីត្រៀមបើកដំណើរការប្រទេសឡើងវិញនៅថ្ងៃទី១៥ ខែតុលា សម្រាប់អ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំងរួចដដែល។ ជាក់ស្ដែងគម្រោង “Phuket Sandbox” ដែលបើកដំណើរការកាលពីថ្ងៃទី០១ ខែកក្កដា ជាគម្រោងសាកល្បងសម្រាប់ផែនការបើកដំណើរការទូទាំងប្រទេស។
គួររម្លឺកថា កាលពី ២សប្ដាហ៍មុនលោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានថ្លែង ពីផែនការដើម្បីបើកប្រទេសថៃឡើងវិញ ឱ្យបានពេញលេញក្នុងរយៈពេល ១២០ថ្ងៃ ដោយមិនគិតថាតើប្រជាជនភាគច្រើនត្រូវបានចាក់វ៉ាក់សាំង ឬអត់ឡើយ។
លោកនាយករដ្ឋមន្រ្តីបានលើកឡើងដូច្នេះថា៖ «យើងមិនអាចរង់ចាំដល់ពេលដែលមនុស្សគ្រប់រូបបានចាក់វ៉ាក់សាំងបានចំនួន ២ដូស ដើម្បីបើកប្រទេស រឺ ពេលដែលមេរោគកូវីដរលាយបាត់ពីពិភពលោកបានទេ។ យើងត្រូវតែត្រៀមខ្លួនដើម្បីរស់នៅដោយប្រថុយប្រថានខ្លះហើយគ្រាន់តែព្យាយាមរក្សាវាឱ្យស្ថិតក្នុងកំរិតមួយ ដែលអាចគ្រប់គ្រងបាន ហើយទុកឱ្យប្រជាជនត្រឡប់ទៅរកប្រាក់ចិញ្ចឹមជីវិតដូជធម្មតាវិញ »។
ជាមួយគ្នានេះដែរ ដើម្បីត្រៀមបើកនិងគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ចាប់ពីខែកក្កដានេះ រដ្ឋាភិបាលថៃមានគោលបំណងទទួលបានវ៉ាក់សាំងកូវីដ-១៩ ចំនួន ១០ លានដូសក្នុងមួយខែ។ ហើយនៅដើមខែតុលាមនុស្សជិត ៥០ លាននាក់ ឬយ៉ាងហោចណាស់ ៧០% នៃចំនួនប្រជាជន គួរតែបានចាក់វ៉ាក់សាំងដូសទី១។
យ៉ាងណាមិញ ជាមួយនឹងករណីកូវីដ-១៩ នៅតែបន្តកើនឡើងជាពិសេសនៅទីក្រុងបាងកក មនុស្សជាច្រើនបានរិះគន់លោក ប្រាយុធសម្រាប់ការធ្វើដំណើរទៅកាន់ភូកេតដើម្បីបើកដំណើរការឡើងវិញក្រោមគម្រោង “Phuket Sandbox” ជាពិសេសជាមួយនឹងចំនួនអ្នកស្លាប់ដោយសារកូវីដក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ គួរបបញ្ជាក់ផងដែរថា ថ្ងៃសៅរ៍ ទី០៣ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៦,២៣០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៤១ នាក់៕




អត្ថបទ៖ លីនី
ប្រភព៖ thethaiger


