អូស្រ្តាលី ផ្តល់ថវិកាជិត ២ លានដុល្លារ ដើម្បីពង្រឹងឱកាសពាណិជ្ជកម្មជាមួយវៀតណាម
សេដ្ឋកិច្ច July 3, 2021 Khmernote

យោងតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មទេសចរណ៍និងវិនិយោគអូស្រ្តាលីលោក Dan Tehan បានឱ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលីកំពុងជួយពង្រឹងឱកាសពាណិជ្ជកម្មជាមួយប្រទេសវៀតណាមតាមរយៈកម្មវិធីសិក្សាពីលទ្ធភាព។ ក្រោមកម្មវិធីសិក្សាពីលទ្ធភាព Australia-Vietnam Enhanced Economic Engagement Grant (AVEG) រដ្ឋាភិបាលអូស្រ្តាលីកំពុងផ្តល់ថវិកាចំនួន ២.៥ លានដុល្លារអូស្រ្តាលី ឬជិត ២ លានដុល្លារដល់គម្រោងខ្នាតតូចចំនួន ២៨ ដើម្បីបង្កើតឱកាសសេដ្ឋកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច។

ជាមួយគ្នានេះដែរ កម្មវិធីសិក្សាពីលទ្ធភាព (AVEG) នឹងបើកទ្វារសម្រាប់ឧស្សាហកម្មអូស្រ្តាលី ដោយរាប់ចាប់ពីវិស័យកសិកម្ម ការអប់រំបច្ចេកវិទ្យាឌីជីថល រហូតដល់ខ្សែសង្វាក់ផ្គត់ផ្គង់សហគ្រាសធុនតូច និងមធ្យម។ ជាក់ស្ដែង ថវិកានេះរួមមាន ៩៩,៤៧៥ ដុល្លារអូស្រ្តាលីដើម្បីបង្កើនបច្ចេកវិទ្យាផលិតកម្មអាហារសរីរាង្គវិញ្ញាបនប័ត្រនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រីឯ ៥៦,១៦០ ដុល្លារអូស្រ្តាលីដើម្បីផ្តល់ដល់សហគ្រិនស្ត្រី ២០ នាក់នៅប្រទេសវៀតណាមនូវការអប់រំនិងបទពិសោធន៍អន្តរជាតិដើម្បីកសាងសមត្ថភាពរបស់ពួកគេក្នុងនាមជាសហគ្រិន និង ៩៥,០០០ ដុល្លារអូស្រ្តាលីដើម្បីជួយអាជីវកម្មអូស្ត្រាលីចំនួន ៣០០ ឱ្យរីកចម្រើននិងធ្វើពិពិធកម្មការនាំចេញនិងចង្វាក់ផ្គត់ផ្គង់ដល់ប្រទេសវៀតណាម។

បន្ថែមពីនេះទៀត អូស្រ្តាលីកំពុងធ្វើការជាមួយប្រទេសវៀតណាមដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងគោលបំណងដើម្បីក្លាយជាដៃគូពាណិជ្ជកម្មកំពូលទាំង ១០ និងការវិនិយោគទ្វេដង។ ដោយការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនេះនឹងបង្កើតការងារ និងឱកាសនៅក្នុងប្រទេសទាំងពីរ។ លើសពីនេះទៅទៀត រដ្ឋាភិបាលអូស្រ្តាលីប្តេជ្ញាពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសវៀតណាម និងបើកឱកាសសម្រាប់ធុរកិច្ចអូស្ត្រាលី។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាមធ្យម ៨.៦% ក្នុងមួយឆ្នាំៗ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus