យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ thethaiger បានឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងត្បូងកំពុងដកវិធានការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ សម្រាប់ការមកដល់របស់ភ្ញៀវបរទេសមួយចំនួនដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ រួច ប៉ុន្តែអ្នកដែលមកពីប្រទេសដែលត្រូវបានចាត់ថ្នាក់ ជាប្រទេសហានិភ័យខ្ពស់នៃការឆ្លងត្រូវតែនៅតែស្ថិតក្នុងការធ្វើចត្តាឡីស័កដដែល។
សារព័ត៌មានដដែលបានឱ្យដឹងថា ជនបរទេសដែលត្រូវបានអនុញ្ញាតឱ្យចូលដោយមិនធ្វើចត្តាឡីស័ក ត្រូវតែចាក់វ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកដូចជា Pfizer, Janssen, Moderna, AstraZeneca, Covidshield, Sinopharm ឬ Sinovac យ៉ាងតិច ២ សប្តាហ៍ មុនពេលចាកចេញទៅប្រទេសកូរ៉េខាងត្បូង។ បន្ថែមពីនេះ ជនបរទេសត្រូវអនុញ្ញាតឱ្យចូលក្រោមគោលនយោបាយថ្មី សម្រាប់តែការធ្វើធុរកិច្ច គោលបំណងសិក្សាឬមនុស្សធម៌ និងទៅសួរសុខទុក្ខគ្រួសារក្នុងករណីបន្ទាន់ប៉ុណ្ណោះ។
ទន្ទឹមនឹងនោះដែរ មុនពេលធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូងអ្នកធ្វើដំណើរត្រូវដាក់ឯកសារជាមួយស្ថានទូត ឬ ស្ថានកុងស៊ុលកូរ៉េខាងត្បូងប្រចាំតំបន់របស់ពួកគេ។ អ្នកដំណើរត្រូវការវិញ្ញាបនប័ត្រចាក់វ៉ាក់សាំងផ្លូវការ ហើយប្រសិនបើទៅលេងសមាជិកគ្រួសារអ្នកធ្វើដំណើរត្រូវដាក់ឯកសារភស្តុតាង។ លើសពីនេះអ្នកដែលធ្វើដំណើរទៅកូរ៉េខាងត្បូង ក៏ត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមាន Covid-19 ដែលចេញមិនលើសពី ៧២ ម៉ោងមុនពេលចេញដំណើរ។
ដោយឡែកអ្នកដែលធ្វើដំណើរមកពីប្រទេសណាមួយក្នុងចំនោម ២១ ប្រទេសដែលត្រូវបានចាត់ចូលជាហានិភ័យខ្ពស់នៃវីរុសកូវីដ-១៩ ដោយសារអត្រាឆ្លងនៃវីរុសខ្ពស់ នៅតែត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។ ជាក់ស្ដែងប្រទេសទាំងនោះរួមមាន South Africa, Brazil, Malawi, Botswana, Mozambique, Tanzania, the Republic of Suriname, Eswatini, Zimbabwe, Bangladesh, Equatorial Guinea, Chile, Paraguay, Uruguay, Colombia, Argentina, Malta, India, Indonesia, Pakistan និង Philippines៕



អត្ថបទ៖ លីនី
ប្រភព៖ thethaiger


