យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា រដ្ឋាភិបាលនឹងផ្តល់ប្រាក់ ៧.៦៥ ទ្រីលានដុង (៣៣២.៣ លានដុល្លារ) ដល់ក្រសួងសុខាភិបាលក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ AstraZeneca និង Pfizer ចំនួន ៦១ លានដូស។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលនឹងទិញចំនួន ៣១ លានដូសពី Pfizer និង ៣០លានដូសនៃវ៉ាក់សាំង AstraZeneca ពីបណ្ដាញវ៉ាក់សាំងវៀតណាម JSC (VNVC) ដែលបានទិញវ៉ាក់សាំងនេះពីក្រុមហ៊ុនកាលពីពេលមុន ហើយបានបញ្ជូនមកប្រទេសវៀតណាមកាលពីខែកុម្ភៈ។
បន្ថែមពីនេះ ក្រសួងនឹងតម្រូវឱ្យមានថវិកាចំនួន ៣៧ ពាន់លានដុង ដើម្បីដឹកជញ្ជូនចែកចាយ និងរក្សាទុកឧបករណ៍ចាក់វ៉ាក់សាំងសម្រាប់វ៉ាក់សាំងដែលទទួលបានតាមរយៈយន្តការពិភពលោក Covax និងប្រភពដទៃទៀត។ គួរបញ្ជាក់ផងដែរថា ថវិកា ៧.៦៥ ទ្រីលានដុង ដែររដ្ឋាភិបាលផ្ដល់ឱ្យនេះ បានមកពីថវិការបស់រដ្ឋាភិបាលនិងមូលនិធិវ៉ាក់សាំងកូវីដ-១៩ ។
ហើយរហូតមកដល់ពេលនេះប្រទេសវៀតណាមបានទទួលនូវវ៉ាក់សាំងចំនួន ៤.៥ លានដូសតាមរយៈ Covax កិច្ចសន្យាពាណិជ្ជកម្ម និងពីប្រទេសដទៃទៀត។ ប្រទេសនេះមានគោលបំណងធានានូវវ៉ាក់សាំងចំនួន ១៥០ លានដូសនៅឆ្នាំនេះ ដើម្បីចាក់ឱ្យបាន ៧០% នៃចំនួនប្រជាជនសរុប៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


