យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ឲ្យដឹងថា ពេញ១ខែមិថុនា មានភ្ញៀវទេសចរជាង ៣សែននាក់ បានដើរកម្សាន្តទូទាំងប្រទេស ដែលចំនួននេះកើនឡើង ៧៨,៥៩% បើធៀបនឹងខែឧសភា។
ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភ្ញៀវសរុបដែលដើរកម្សាន្ត មានចំនួន ៣៤៦.៥១៨ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៣៤២.១០៩ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤.៤០៩ នាក់»។ ជាមួយគ្នានេះ ស្ថិតិភ្ញៀវដែលបានដើរកម្សាន្ត ក្នុងខែមិថុនា ប្រចាំសប្តាហ៍នីមួយៗ រួមមាន៖
* សប្តាហទី១ ភ្ញៀវប្រមាណ ៧៦.៦៩៨ នាក់ * សប្តាហទី២ ភ្ញៀវប្រមាណ ៧០.៨៧១ នាក់ * សប្តាហទី៣ ភ្ញៀវប្រមាណ ១០៩.០៩៥ នាក់ * សប្តាហទី៤ ភ្ញៀវប្រមាណ ៨៩.៨៥៤ នាក់។
ដោយឡែកគោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេសចរណ៍ច្រើនជាងគេក្នុងខែមិថុនានេះ រួមមាន៖ * រាជធានីភ្នំពេញ៖ ៦០.២៧៧ នាក់ * ខេត្តកំពត៖ ៥០.៦៥១ នាក់ * ខេត្តកំពង់ស្ពឺ៖ ៣៩.៣០០នាក់ * ខេត្តបាត់ដំបង៖ ៣៥.១៤២ នាក់
* ខេត្តព្រះសីហនុ៖ ៣២.៩៥៣ នាក់ * ខេត្តកែប៖ ២០.៧៤៨ នាក់ * ខេត្តសៀមរាប៖ ២០.២២៦ នាក់។
ឯកឧត្តមបានធ្វើការបញ្ជាក់បន្ថែមថា៖ «ចំនួននេះមានការកើនឡើងប្រមាណ ៧៨.៥៩% ធៀបនឹងខែឧសភាកន្លងមក ប៉ុន្តែក៏នៅថយចុះប្រមាណ ៤៣.៤% ធៀបនឹងខែមិថុនា ឆ្នាំ២០២០»។ ឯកឧត្តមបន្តថា គោលដៅទេសចរណ៍តំបន់ឆ្នេរ (ពិសេសខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ) រួមជាមួយគោលដៅអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងកសិទេសចរណ៍ គឺជាគោលដៅសំខាន់ដែលបានស្រូបទាញចរន្តភ្ញៀវទេសចរផ្ទៃក្នុងបានច្រើន។
គួរបញ្ជាក់ផងដែរថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុងបានបន្តកើនឡើងជាបណ្តើរៗ បន្ទាប់ពីរាជរដ្ឋាភិបាល បានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញ រហូតដល់បំណាច់ចុងខែមិថុនានេះ ប៉ុន្តែមិនទាន់មានសន្ទុះខ្លាំងក្លានៅឡើយ បើធៀបនឹងឆ្នាំ២០២០កន្លងមក ដោយសារតំបន់ខ្លះនៃរាជធានីខេត្តមួយចំនួន មានការកើនឡើងនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យគណៈបញ្ជាការឯកភាពចាត់វិធានដាច់ដោយឡែក និងដោយកន្លែង៕







អត្ថបទ៖ លីនី


