ក្រសួងសាធារណការ ដាំលម្អដើមត្របែកព្រៃ និងដើមក្ងោកលើកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ ដើម្បីបង្កើតភាពស្រស់ស្រាយដល់អ្នកដំណើរ និងអ្នកបើកបរ
សេដ្ឋកិច្ច June 30, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនមុននេះបន្តិច បានបង្ហាញថា គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ នឹងកាន់តែស្រស់ស្អាត ហើយទាក់ទាញថែមទៀត ដោយសារមានដាំលម្អដោយដើមត្របែកព្រៃនៅចំកណ្ដាលទ្រូងផ្លូវ និងដើមក្ងោកដ៏ស្រស់បំព្រងអមសងខាងផ្លូវ។

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេសចុះពិនិត្យគុណភាពផ្លូវវាងក្រុង សិរីសោភ័ណ ត្រង់បង្គោលគ.មថ្មីលេខ.៨៤ សង្កាត់ទឹកថ្លា ខេត្តបន្ទាយមានជ័យ ឋិតនៅក្នុងគម្រោង សាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ខេត្តបាត់ដំបង-ខេត្តបន្ទាយមានជ័យ។

សូមជម្រាបជូនថា៖ គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-ខេត្តបន្ទាយមានជ័យមានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គិតរហូតមកទល់ពេលនេះ វឌ្ឍនភាពនៃការសាងសង់សម្រេចបានស្ទើរ តែ១០០%ហើយ។ កំណាត់ផ្លូវនេះត្រូវបានដាំលម្អដោយដើមត្របែកព្រៃនៅចំកណ្ដាល ទ្រូងផ្លូវ និងមានដាំដើមក្ងោកដ៏ស្រស់បំព្រងអមសងខាងផ្លូវ ដែលអាចជួយឱ្យអ្នកបើកបរ ក៏ដូចជាអ្នកធ្វើដំណើរតាមបណ្តាញផ្លូវនេះទទួលបាននូវអារម្មណ៍ស្រស់ស្រាយផងដែរ៕

អត្ថបទ៖ លីនី