យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រសួងអប់រំថៃ កំពុងរិះរកវិធីដើម្បីកាត់បន្ថយកម្រិតបំណុលក្នុងចំណោមគ្រូបង្រៀនដែលបច្ចុប្បន្នមានចំនួនរហូតដល់ ១.៤ ទ្រីលានបាត (ប្រមាណ ៤៣.៧ ពាន់លានដុល្លារអាមេរិក)។ រដ្ឋមន្រ្តីក្រសួងអប់រំលោកស្រី Treenuch Thienthong បាននិយាយកាលពីម្សិលមិញថា លោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានតែងតាំងរីលោកឧបនាយករដ្ឋមន្ត្រី Supattanapong Punmeechaow ដើម្បីត្រួតពិនិត្យវិធានការកាត់បន្ថយនេះ។
ក្នុងវិធានការកាត់បន្ថយកម្រិតបំណុលនេះ មានគំនិតចំនួនបួនត្រូវបានបំផុសឡើងដោយលោកស្រី Treenuch ដែលហៅបញ្ហានេះថា “ផ្នែកមិនល្អក្នុងសង្គម” ។ ជាមួយគ្នានេះដែរ ក្រសួងអប់រំ ក្រសួងហិរញ្ញវត្ថុ ធនាគារថៃ និងការិយាល័យគណៈកម្មការអប់រំមូលដ្ឋានគឺស្ថិតក្នុងចំណោមទីភ្នាក់ងារ ដែលត្រូវបានតំណាងនៅក្នុងក្រុមការងារដែលមានភារកិច្ចរួមបញ្ចូលផែនការដើម្បីជួយគ្រូបង្រៀន។
លោកស្រី Treenuch រដ្ឋមន្រ្តីក្រសួងអប់រំបានបន្តទៀតថា លោកស្រីបានតែងតាំងទីប្រឹក្សារបស់លោកស្រី គឺលោក Suthichai Charoonnet ដើម្បីដឹកនាំក្នុងការពិនិត្យមើលសំណើ និងបានទទួលស្គាល់ថា បញ្ហានេះត្រូវការការសិក្សាស៊ីជម្រៅមុនពេលចេញអនុវត្តសកម្មភាពណាមួយ។
លោកស្រីបានបន្ថែមថា យើងបានរកឃើញថា គ្រូនិងមន្ត្រីអប់រំនៅទូទាំងប្រទេសបានបង្កើតបំណុលជាង ១.៤ ទ្រីលានបាត ដែលភាគច្រើនជំពាក់សហករណ៍សន្សំរបស់គ្រូបង្រៀន ធនាគារសន្សំរដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត។ យ៉ាងណាមិញ ដើម្បីជួយគ្រូ ជំហានដំបូង គឺត្រូវកាត់បន្ថយអត្រាការប្រាក់ដែលត្រូវបង់ ជាពិសេសបង់ឱ្យសហករណ៍សន្សំដែលជាម្ចាស់បំណុលធំបំផុតរបស់គ្រូ ហើយការចរចារនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ផងដែរថា បើតាមលោកស្រី Treenuch រដ្ឋមន្រ្តីក្រសួងអប់រំ សហករណ៍មួយចំនួនបានខ្ចីប្រាក់ពីធនាគារពាណិជ្ជកម្ម ដើម្បីផ្តល់ប្រាក់កម្ចីដល់គ្រូឡើងវិញ ក្នុងអត្រាការប្រាក់ខ្ពស់ដើម្បីរកប្រាក់ចំណេញ។ លោកស្រី Treenuch បាននិយាយថា សំណូមពរមួយដែលក្រុមការងាររបស់លោក Suthichai នឹងពិចារណា អាចជាការសងបំណុលហើយផ្ទេរទៅធនាគារពាណិជ្ជកម្មវិញ៕



អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


