យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានដឹកនាំគណ:ប្រតិភូអន្តរក្រសួង អញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ។ ក្នុងដំណើរបេសកកម្មការងារនេះ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ឱ្យអ្នកសារព័ត៌មានដឹងថា គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាបនេះ សម្រេចបានប្រមាណជាង ៦០%ហើយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តថា រហូតមកដល់ពេលនេះ ការងារស្ថាបនាផ្លូវទាំង ៣៨ខ្សែគិតត្រឹមចុងខែមិថុនានេះ សម្រេចបាន ៦៤%។ ក្នុងនោះការងារដាក់លូក្នុងគម្រោងផ្លូវ ៣៨ខ្សែនេះ សម្រេចបាន៨០% និងការងារដាក់លូ ក្រៅគម្រោងផ្លូវ ៣៨ខ្សែ បានចំនួន៨៧%។ ឯកឧត្តម អះអាងយ៉ាងមុតមាំថា ការងារនេះនឹងបញ្ចប់តាមផែនការដែលបានគ្រោងទុក បើទោះបីជាមានការរាំងស្ទះខ្លះៗ ដោយសារជំងឺឆ្លងកូវីដ-១៩ យ៉ាងណាក្តី។
សូមជម្រាបជូនថា គម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ត្រូវបានសម្ពោធ បើកការដ្ឋានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ តាមផែនការគម្រោងនេះ នឹងប្រើរយ:ពេល ១៣ខែ ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕








ប្រភព៖ ក្រសួងព័ត៌មាន


