យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃនេះបានឱ្យដឹងថា ចាប់តាំងពីប្រកាសដាក់ឱ្យដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ មក រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង ៣៥០លានដុល្លារ ក្នុងនោះមានជាង ៦០ម៉ឺនគ្រួសារ នេះបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។
នៅក្នុងពិធីទទួលវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ចំនួន ១លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញ ពីក្រុមហ៊ុន Sinovac របស់ប្រទេសចិន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ ប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានថ្លែងថា៖ « ប្រហែលអស់ ៣៥០ លានដុល្លារហើយ ទៅលើគ្រួសារប្រហែលជា ៦០ម៉ឺនគ្រួសារ »។
ឯកឧត្តមបានបញ្ជាក់ទៀតថា ឥលូវនេះក្រសួងកំពុងពិនិត្យ ពិភាក្សារៀបចំដាក់វិធានការ ឧបត្ថម្ភជូនគ្រួសារក្រីក្រ ក្នុងអំទ្បុងពេលនៃជំងឺកូវីដ១៩ ជុំទី០៩។ ឯកឧត្តមបានថ្លែងទៀតថា៖ « ទាំងការបញ្ជាទិញវ៉ាក់សាំង និងកម្មវិធីសាច់ប្រាក់ រាជរដ្ឋាភិបាលបានចំណាយថវិកាយ៉ាងច្រើនផងដែរ។
សូមជម្រាបផងដែរថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ គិតមកដល់ពេលនេះ អនុវត្តបានរយៈពេលពេញ ១ឆ្នាំហើយ និងទទួលបានលទ្ធផលល្អប្រសើរ ដោយគ្រួសារក្រីក្រ និងងាយរងគ្រោះ បាននិងកំពុងទទួលការគាំពារ និងទ្រទ្រង់ជីវភាពប្រចាំថ្ងៃពីរាជរដ្ឋាភិបាល។ កម្មវិធីនេះ ក៏ទទួលបានការសាទរពីដៃគូអភិវឌ្ឍន៍ និងមជ្ឈមណ្ឌលអន្តរជាតិយ៉ាងខ្លាំង៕



ប្រភព៖ ក្រសួងព័ត៌មាន


