ធនាគារកណ្តាលថៃ បាននិយាយនៅថ្ងៃច័ន្ទ ទី២៨ ខែមិថុនា នេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានគេរំពឹងថានឹងវិលត្រឡប់ទៅរកកម្រិតមុនពេលមានការរាតត្បាតក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ ដោយសារតែវិស័យទេសចរណ៍មានភាពយឺតយ៉ាវក្នុងការស្តារឡើងវិញ នេះបើយោងតាមការចុះផ្សាយរបសារព័ត៌មាន Bangkok Post។
លោក Mathee Supapongse អភិបាលរងនៃធនាគារកណ្ដាលបានថ្លែងក្នុងសិក្ខាសាលាស្តីពីទេសចរណ៍ថា ធនាគារថៃនឹងតាមដានស្ថានការណ៍នេះឱ្យបានដិតដល់និងត្រៀមអនុវត្តវិធានការណ៍ដែលចាំបាច់។ គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃច័ន្ទ ទី២៨ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៥,៤០៦នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ២២នាក់។
ទន្ទឹមនឹងនេះដែរ កាលពីពាក់កណ្ដាលខែមិថុនា កន្លងទៅ នាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានប្រកាសថា ប្រទេសថៃគ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងរយៈពេល ១២០ ថ្ងៃទៀត។ ក្នុងនោះអ្នកទេសចរដែលបានចាក់ថ្នាំបង្ការគួរតែអាចធ្វើដំណើរទៅប្រទេសថៃដោយគ្មានការដាក់កម្រិត ឬ ការរឹតត្បិតណាមួយឡើយ៕



អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


