អរគុណណាស់! USAID កំពុងស្នើសុំទឹកប្រាក់ ៣លានដុល្លារពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីជួយធ្វើរឿងមួយនេះសម្រាប់វិស័យកសិកម្មកម្ពុជា
សេដ្ឋកិច្ច June 28, 2021 Khmernote

ទីភ្នាក់ងារ USAID បានរៀបចំស្នើសុំទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងចំនួនទឹកប្រាក់ ៣លានដុល្លារ យកមកអនុវត្តគម្រោងស្តីពី ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ Cold Chain Logistic System សម្រាប់កម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ Veena Reddy នាយកទីភ្នាក់ងារ USAID ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលសម្តែងការគួរសម និងជម្រាបលា ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បន្ទាប់ពីបញ្ចប់បេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃច័ន្ទ ទី២៨​ ខែមិថុនា នេះ។

ឆ្លៀតយកឱកាសនេះ លោកស្រីក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីផងដែរថា ទីភ្នាក់ងារ USAID បានរៀបចំស្នើសុំទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងចំនួនទឹកប្រាក់ ៣លានដុល្លារ យកមកអនុវត្តគម្រោងស្តីពី ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ Cold Chain Logistic System ដោយប្រើប្រព័ន្ធសូឡា ដើម្បីជួយដល់ការដាំដុះ និងការដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់មកកាន់ទីផ្សារ ឲ្យកាន់តែល្អប្រសើរ ធានាបានគុណភាព សុវត្ថិភាព និងតម្លៃ។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី វេង​ សាខុន បានសម្តែងនូវការគាំទ្រ និងស្វាគមន៍ចំពោះគម្រោង Cold Chain Logistic System ព្រោះលោកបញ្ជាក់ថា វានឹងជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មបន្លែ ផ្លែឈើ ត្រី សាច់ឲ្យកាន់តែល្អប្រសើរជាជំហានៗផ្អែកទៅលើកស្តង់ដារផលិត វេចខ្ចប់ ថែក្សារ ដឹកជញ្ជូន និងដាក់តាំងបង្ហាញពិតប្រាកដមួយ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងអន្តរជាតិ។

លោកបានបញ្ជាក់បន្ថែមថា នេះគឺជាគម្រោងដែលក្រសួងចង់បានដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាពនៃផលិតផលកសិកម្ម បង្កើនផលិតកម្ម និងធានាគុណភាពកសិផល សុខមាលភាពសម្រាប់អ្នកបរិភោគ និងកំណើនតម្លៃបន្ថែម។ ចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំទៅទីភ្នាក់ងារ USAID ថារាល់គម្រោង ឬកម្មវិធីជំនួយគួរគិតពិចារណាលើគោលបំណងរបស់គម្រោងធ្វើយ៉ាងណាឲ្យស្របទៅតាមការវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គម ពិសេសស្របតាមបរិបទនៃការរីករាលដាលជំងឺឆ្កងកូវិដ-១៩៕

(រូបតំណាង)

(រូបតំណាង)

(រូបតំណាង)

អត្ថបទ៖ លីនី