ផ្លូវជាតិលេខ ៥ ពីភ្នំពេញ (ព្រែកក្តាម) ដល់ក្រុងប៉ោយប៉ែតឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ កំពុងមមាញឹកបំផុតក្នុងការសាងសង់ ដើម្បីសម្រួលដល់ការធ្វើដំណើរសម្រាប់បងប្អូនប្រជាពលរដ្ឋឱ្យបានងាយស្រួលកាន់តែឆាប់រហ័សទោះបីប្រទេសកម្ពុជាកំពុងប្រយុទ្ធក្នុងសង្គ្រាមប្រឆាំងខ្មាំងកូវីដក៏ដោយ។ នេះដោយយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា។
នៅក្នុងការបង្ហោះឯកឧត្តមបានរៀបរាប់ដូច្នេះថា៖ «ភ្នំពេញ-បាត់ដំបងវិលវិញល្ងាចមិនឆ្ងាយ! (២៨ មិថុនា ២០២១)។ ម្យ៉ាងដែរភ្លឺនៅកំពង់ឆ្នាំង ស្រស់ស្រូបអាហារពេលព្រឹកតាមឡាននៅពោធិ៍សាត់ គោលដៅមណ្ឌលអភិវឌ្ឍន៍សុីម៉ាក់មរតកតេជោ ស្រុកគាល់ក្រឡ ខេត្តបាត់ដំបង! អ្នកណាថាស្រុកខែ្មរអភិវឌ្ឍន៍ផ្លូវនានាត្រូវបានភាគីចិនយកផ្តាច់មុខនោះ ផ្លូវជាតិលេខ៥ពីភ្នំពេញ(ព្រែកក្តាម)ដល់ក្រុងប៉ោយប៉ែតឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៏សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ មានប្រវែងជាង៣៦៦គីឡូម៉ែត្រ ទទឹង៦០ម៉ែត្រ កំពុងមមាញឹកបំផុតក្នុងការសាងសង់ ទោះបីជាកំពុងប្រយុទ្ធក្នុងសង្គ្រាមប្រឆាំងខ្មាំងកូវីដក៏ដោយ! គឺកសាងដោយមិត្តជប៉ុនស្មោះ! »។
គួរបញ្ជាក់ផងដែរថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ដែលជាការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់នេះ ចាប់ពី ២គន្លងទៅ ៤គន្លង មានទទឹង ២៣ ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ (AC) និងមានសួនច្បារចំកណ្តាល ក្រោមទឹកប្រាក់ប្រមាណ ៥០០លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន។
ជាមួយគ្នានេះ គិតត្រឹមខែមិថុនា ឆ្នាំ២០២១ នេះ ការដ្ឋានផ្លូវជាតិលេខ៥ ជារួមសម្រេចបានប្រមាណ ៦០% ហើយ ដោយកំណាត់ភាគខាងត្បូងព្រែកក្តាម-ធ្លាម្អម សម្រេច ៤៦,០៥% កំណាត់ភាគកណ្តាលធ្លាម្អម-បាត់ដំបង សម្រេច ៣៨,០៨% និងកំណាត់ខាងជើងបាត់ដំបង-បន្ទាយមានជ័យ សម្រេច ៩៧,៣០%៕



អត្ថបទ៖ លីនី


