រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Toshimitsu Motegi បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុននឹងបរិច្ចាគវ៉ាក់សាំងការពារមេរោគឆ្លងកូវីដ-១៩ ដល់ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ ចំនួន ១លានដូសក្នុងមួយប្រទេសដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ។
លោក Motegi បានប្រាប់សន្និសីទកាសែតមួយថា ទីក្រុងតូក្យូនឹងផ្តល់ជូននូវវ៉ាក់សាំងចំនួន ១ លានដូស ដល់កោះតៃវ៉ាន់បន្ថែមពីលើ ១.២៤ លានដូស និងប្រទេសវៀតណាម ១លានដូសបន្ថែមពីចំនួន ១ លានដែលទើបតែផ្ដល់ឱ្យកាលពីពេលថ្មីៗនេះ។ លោកបានបន្តថា វ៉ាក់សាំងដែលសម្រេចផ្តល់ឱ្យចាប់ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយនេះ គឺបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca Plc របស់អង់គ្លេសនិងផលិតក្រោមអាជ្ញាប័ណ្ណនៅជប៉ុន ដែលបានធ្វើឡើងបន្ទាប់ពីមានសំណើពីប្រទេសទាំងនោះ និងតៃវ៉ាន់។
លោក Motegi បានមានប្រសាសន៍ថា៖ « យើងបានពិចារណាពីស្ថានភាពនៃការឆ្លងរបស់ប្រទេសដែលដាក់ពាក្យស្នើសុំវ៉ាក់សាំងនីមួយៗ ពីវិសាលភាពនៃកង្វះវ៉ាក់សាំងនៅទីនោះ និងលក្ខណៈនៃទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសជប៉ុន មុនពេលយើងសម្រេចចិត្តលើការផ្តល់នេះ” ។
គួរបញ្ជាក់ផងដែរថា ក្រៅពីប្រទេសដែលបានរៀបរាប់ខាងលើ ជប៉ុន ក៏នឹងផ្តល់ជូននូវវ៉ាក់សាំង AstraZeneca សរុបប្រមាណ ១១ លានដូសចាប់ពីពាក់កណ្តាលខែកក្កដាដល់ប្រទេសនានានៅអាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង និងកោះប៉ាស៊ីហ្វិក តាមរយៈកម្មវិធីចែករំលែកវ៉ាក់សាំងសកលដែលគាំទ្រដោយ U.N៕


អត្ថបទ៖ លីនី
ប្រភព៖ kyodonews


