ដោយមើលពីកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសកម្ពុជា ដើម្បីប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩ ដែលកំពុងតែកើតមានឡើង និងការចាប់ផ្តើមឈានទៅស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ បានធ្វើឱ្យក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោក អនុម័តកញ្ចប់ឥណទាន មានតម្លៃទឹកប្រាក់ចំនួន ២០០លានដុល្លារអាមេរិក របស់សមាគមន៍អភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ជំនួយសង្គ្រោះកម្ពុជា និង ការកសាងភាពធន់របស់កម្ពុជា (DPF)។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក (World Bank) ដែលបានចេញផ្សាយកាលពីថ្ងៃតី២៤ ខែមិថុនា ម្សិលមិញនេះ បានបញ្ជាក់ថា គម្រោងនេះនឹងជួយប្រទេសកម្ពុជាដោះស្រាយវិបត្ដិ កូវីដ‐១៩ តាមរយៈការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងចំគោលដៅដល់ប្រជាជនដែលរងផលប៉ះពាល់ សម្របសម្រួលការស្តារឡើងវិញតាមរយៈការកែទម្រង់រចនាសម្ព័ន្ធនិងកសាងភាពធន់នឹងវិបត្តិសេដ្ឋកិច្ចនាពេលអនាគត។
សេចក្ដីប្រកាសព័ត៌មានដដែលបានបង្ហាញថា ប្រទេសកម្ពុជាកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចនិងសង្គមដែលមិនធ្លាប់មាន។ នៅឆ្នាំ ២០២០ សេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះ ៣.១% ជាលើកដំបូងក្នុងរយៈពេល ៣០ឆ្នាំ ហើយឥឡូវនេះ កម្ពុជាស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលអាក្រក់បំផុតចាប់តាំងពីការរាតត្បាតបានចាប់ផ្ដើមឡើង។ ក្នុងនោះវិស័យដែលទទួលរងផលប៉ះពាល់ពីវិបត្តិភាគច្រើនរួមមាន សម្លៀកបំពាក់ ទេសចរណ៍ និងសំណង់ ដែលសុទ្ធតែជាវិស័យដែលផ្ដល់ការងារធ្វើច្រើននៅក្នុងប្រទេស ដែលបង្កើតជាបញ្ហាប្រឈមបន្ថែមទៀតសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព។
លោកស្រី Inguna Dobraja រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ “ ច្បាស់ណាស់ ប្រទេសកម្ពុជាពិតជាត្រូវការធនធាន ដែលអាចយកទៅបញ្ចេញឲ្យបានរហ័ស សម្រាប់ទ្រទ្រង់ដល់កម្មវិធីគ្រប់ជ្រុងជ្រោយមួយរបស់រដ្ឋាភិបាល ដើម្បីការពារជនក្រីក្របំផុត ពីផលប៉ះទង្គិចរបស់វិបត្តិនេះ និងដើម្បីជួយដល់កិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសឲ្យងើបឡើងវិញ»។
លោកស្រីបានបន្ថែមថា គម្រោងនេះតំណាងឱ្យផ្នែកសំខាន់មួយនៃការឆ្លើយតបយ៉ាងទូលំទូលាយរបស់ធនាគារពិភពលោកទៅនឹងវិបត្តិ កូវីដ-១៩ និងជាផ្នែកមួយនៃកញ្ចប់គាំទ្រប្រតិបត្តិការថវិកាដែលត្រូវបានផ្តល់ដោយដៃគូអភិវឌ្ឍន៍មួយចំនួនរបស់ប្រទេសកម្ពុជារួមមានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហភាពអឺរ៉ុប (EU) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ។
សូមបញ្ជាក់ផងដែរថា ចាប់តាំងពីការផ្ទុះជំងឺរាតត្បាត កូវីដ‐១៩ មក ក្រុមធនាគារពិភពលោកបានប្តេជ្ញាចិត្តជាង ១២៥ ពាន់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់សុខភាពសេដ្ឋកិច្ចនិងសង្គម ដែលជាការឆ្លើយតបនឹងវិបត្តិលឿនបំផុតនិងធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ ការផ្តល់ហិរញ្ញប្បទាននេះកំពុងជួយដល់ប្រទេសជាង ១០០ ពង្រឹងការត្រៀមបង្ការរាតត្បាត ការពារជនក្រីក្រនិងការងារ ហើយចាប់ផ្តើមការស្តារអាកាសធាតុឡើងវិញ។ លើសពីនេះធនាគារក៏កំពុងផ្តល់ថវិកាចំនួន ១២ ពាន់លានដុល្លារដើម្បីជួយប្រទេសដែលមានចំណូលទាប និងមធ្យមក្នុងការទិញនិងចែកចាយវ៉ាក់សាំងការពារនិងធ្វើតេស្តព្យាបាលជំងឺ កូវីដ‐១៩ ផងដែរ៕



អត្ថបទ៖ លីនី
ប្រភព៖ worldbank


